មន្រ្តីឧទន្យានុររក្ស និងរដ្ឋបាលមូលដ្ឋាន សហការបង្រ្កាបករណីកាប់រានដីព្រៃ ក្នុងភូមិសាស្រ្តខេត្តរតនគីរី

ភ្នំពេញ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលដំបូងខេត្ត ជួន សុបញ្ញា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៥ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរៈជ័យ បានចូលរួមសហការជាមួយកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអណ្ដូងមាស បានចុះពិនិត្យ បង្ក្រាប ស្រាវជ្រាវ ករណីកាប់រានដីធ្វើកម្មសិទ្ធខុសច្បាប់ នៅចំណុចភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តររនគិរី។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១២ តុលា បានឲ្យដឹងថា ជាលទ្ធផល ក្រុមការងារ បានចុះពិនិត្យដល់កន្លែងកើតហេតុ បានប្រទះឃើញមានការកាប់រានទន្រ្ទានដីព្រៃ ក្នុងទំហំដីប្រមាណ ០២ ហិកតា ត្រង់ចំណុច អូរប្រយ៉ា ស្ថិតក្នុងភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូង មាស ខេត្តរតនគិរី ក្នុងឧទ្យានជាតិវីរ:ជ័យ។

ក្រុមការងារចុះប្រតិបត្តិការខាងលើដោយពុំបានប្រទះឃើញមានជនសង្ស័យនៅ កន្លែងកើតហេតុទេ។ ក្រុមការងារ បន្តទប់ស្កាត់បទល្មើសខាងលើ នាថ្ងៃទី១១ តុលា ឆ្នាំ២០២៥ បានចុះទៅដល់មូលដ្ឋានជាថ្មី នាភូមិតាណង ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដើម្បីស្រាវជ្រាវរកជនល្មើស។

ក្រុមការងារ បានអញ្ជើញបុគ្គលពាក់ព័ន្ធចំនួន ០២ រូបដើម្បីសាកសួរបំភ្លឺ។ បុគ្គល២រូបខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលទៅកាប់ព្រៃនៅ កន្លែងកើតហេតុពិតប្រាកដមែន ដោយបានស៊ីឈ្នួលពីជនសង្ស័យ ឈ្មោះ រិទ្ធ ដែលមានតួនាទីជាស្មៀនឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។

បច្ចុប្បន្នក្រុមការងារ កំពុងរៀបចំកំណត់ហេតុ នឹងបន្តកោះហៅជនសង្ស័យ ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕


