ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា ប្រាប់ UN Women អំពីជម្លោះនៃការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងប្រាប់ប្រធានប្រចាំតំបន់ របស់អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) អំពីជម្លោះនៃការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា ដោយបានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់ នៅតាមបណ្តោយព្រំដែន ត្រូវបានភៀសខ្លួន។

នៅក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ក្នុងទីក្រុងប៉េកាំ ប្រទេសចិន សម្តេច ឃួន សុដារី បានជួបពិភាក្សាការងារជាមួយ លោកស្រី គ្រីស្ទីន អារ៉ាប់ (Christine Arab) ប្រធានប្រចាំតំបន់ របស់អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

ក្នុងជំនួបនោះដែរ លោកស្រី គ្រីស្ទីន អារ៉ាប់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មោះមុត និងលទ្ធផលសម្រេចបានជាក់ស្តែង របស់កម្ពុជានៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ (Women, Peace and Security)។ លោកស្រី បានគូសបញ្ជាក់ពីអ្វីដែលកម្ពុជាអនុវត្តនិងសម្រេចជាលទ្ធផលមកនេះ បានក្លាយជាគំរូមួយសម្រាប់ពិភពលោកផងដែរ។

ក្នុងឱកាសនោះ សម្តេច ប្រធានរដ្ឋសភាកម្ពុជា បានជម្រាបជូនលោកស្រី គ្រីស្ទីន អារ៉ាប់ អំពីជម្លោះនៃការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា ដោយបានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្តោយព្រំដែន រួមទាំងស្ត្រី និងក្មេងស្រី ជាពិសេស ស្ត្រីមានផ្ទៃពោះ ត្រូវបានភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ដោយបោះបង់ចោលផ្ទះសម្បែង សាលារៀន និងកន្លែងប្រកបអាជីវកម្មរបស់ខ្លួន។

សម្តេច បានគូសបញ្ជាក់ថា កម្ពុជាតែងតែប្រាថ្នាចង់រួមរស់នៅដោយសន្តិវិធីជាមួយប្រទេសជិតខាង ជាមិត្តល្អហើយនៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រែក្លាយព្រំដែនទៅជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្តេច បន្ដថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដោះស្រាយបញ្ហាដោយសន្តិវិធី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាតិ ប្រកាន់ភាពអត់ធ្មត់ ដើម្បីសុខសន្តិភាពសម្រាប់ពលរដ្ឋទាំងសងខាង៕

To Top