ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម លើកទឹកចិត្តឱ្យអ្នកកែច្នៃ ពិចារណាធ្វើពិពិធកម្មមករកបរិបទថ្មី ដែលមានទីផ្សារល្អ

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យអ្នកកែច្នៃទាំងអស់ ពិចារណាធ្វើពិពិធកម្មមករកបរិបទថ្មី ដែលមានសក្តានុពល មានទីផ្សារល្អ ហើយសាកល្បងកែច្នៃនូវផលិតផលថ្មីៗថែមទៀត។

ការលើកទឹកចិត្តរបស់ រដ្ឋមន្រ្តី ឌិត ទីណា នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក អ៊ី ហ្គ័រ ឌ្រីសម៉ាន់(Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងលោក ដេហ្សេណេ តេហ្សេរ៉ា(Dejene TEZERA) ប្រធាននាយកដ្ឋាននៃអង្គការយូនីដូ(UNIDO) ក្នុងពិធីបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-CAPTURE) នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ស្ថិតក្រោមមូលបទ «បរិវត្តកម្មជលផលកម្ពុជាដើម្បីកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន» លោក រដ្ឋមន្រ្តី បានអបអរសាទរនូវការអនុវត្តការងារគម្រោងពីមន្រ្តីជំនាញ និងដៃគូអភិវឌ្ឍន៍សហភាពអឺរ៉ុប ព្រមទាំងអង្គការយូនីដូ ដែលបានជំរុញតួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យជលផលកម្ពុជា ទទួលបាននូវចំណេះដឹង ចំណេះធ្វើក្នុងការកែច្នៃផលិតផលជលផលរួមមាន៖ ត្រីងៀត ប្រហុក ផ្អកជាដើម ប្រកបដោយគុណភាព សុវត្ថិភាព អនាម័យខ្ពស់ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោក រដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់តាមរយៈការអនុវត្តគម្រោងនេះ ដែលនាំឱ្យវិស័យឯកជនទទួលបានទីផ្សារផ្សារភ្ជាប់នឹងការផលិត ការកសាងទំនុកចិត្តជាមួយអ្នកប្រើប្រាស់ រក្សាបានការកែច្នៃតាមស្តង់ដាអន្តរជាតិ មានវិញ្ញាបនបត្រទទួលស្គាល់ច្បាស់លាស់ ជាពិសេសតម្លៃនៃភាពជាម្ចាស់ ការគិតគូរកែច្នៃម្ហូបដែលជាវប្បធម៌ខ្មែរ រក្សាបាននូវរសជាតិដើមប្រពៃណីខ្មែរ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអ្នកកែច្នៃទាំងអស់ពិចារណាធ្វើពិពិធកម្មមករកបរិបទថ្មី ដែលមានសក្តានុពល មានទីផ្សារល្អ ហើយសាកល្បងកែច្នៃនូវផលិតផលថ្មីៗថែមទៀត ដែលមានរសជាតិឆ្ងាញ់ មានភាពច្នៃប្រឌិត វេចខ្ចប់គិតគូរពីសុខភាពអ្នកប្រើប្រាស់ រក្សាបាននូវរសជាតិដើមប្រពៃណី ព្រមទាំងធានាអនាម័យ និងសុវត្ថិភាពជូនអតិថិជន៕

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរដល់សាធារណជន ព្រមទាំងអ្នកប្រេីប្រាស់ និងបរិភោគ បង្កេីនការចូលរួមគាំទ្រផលិតផលក្នុងស្រុកដែលជាកត្តាសំខាន់ចាំបាច់ ជួយលេីកទឹកចិត្តអ្នកផលិតក្នុងវិស័យជលផលឱ្យកាន់តែមានភាពច្នៃប្រឌិត លេីកកម្ពស់ផលិតផលខ្មែរ រក្សាបាននូវការផលិតបែបគុណភាពខ្ពស់ សុវត្ថិភាព អនាម័យ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕

To Top