ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា អំពាវនាវ​ ដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្ត បទឈប់បាញ់ ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក នៅទីក្រុងប៉េកំាងប្រទេសចិន ជាវេទិកាប្រមូលផ្តុំថ្នាក់ដឹកនាំនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូនានាមកពីប្រទេសជាង ១០០ ក្នុងទ្វីបទាំង៥ នៃពិភពលោក សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវ ដល់សហគមន៍ អន្តរជាតិ មេត្តាចូលរួមតាមដាន ឱ្យបានជិតដិតលើការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ ដែលមានលក្ខណៈផុយស្រួយ ដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ ។

សម្តេច ឃួន សុដារី បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវ ដល់សហគមន៍អន្តរជាតិ តាមដានឱ្យបានដិត ដល់លើការអនុវត្តបទឈប់បាញ់ ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ ដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ»។ សម្តេច បន្តថា «សន្តិភាពជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់ ដើម្បីសម្រេចបាន នូវគោលបំណងរួម របស់យើង»។

សូមជម្រាបថា ចាប់តំាងពីការផ្ទុះជម្លោះឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជាពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ មក បានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្តោយព្រំដែន រួមទាំងស្ត្រី និងក្មេងស្រី ជាពិសេស ស្ត្រីមានផ្ទៃពោះភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ដោយបោះបង់ចោលផ្ទះសម្បែង សាលារៀន និងកន្លែងប្រកបអាជីវកម្មរបស់ខ្លួន ។ ក្នុងជំរំភៀសសឹកមានមនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងស្រ្តីខ្លះទើបឆ្លងទន្លេក៏មាន។ កុមារប្រមាណ ៥៨%ផ្សេងទៀត ជាពិសេសកុមារីតូចៗ មានការភ័យខ្លាចពីការផ្ទុះអាវុធ ការផ្ទុះគ្រាប់បែក និងការជម្លៀសចេញពីផ្ទះសម្បែង ជាពិសេសខាតបង់ការសិក្សា។

ដើម្បីស្តារស្ថានភាព បច្ចុប្បន្ន និងឈរលើស្មារតីស្រលាញ់សន្តិភាពយ៉ាងស្មោះស្ម័គ្រ កម្ពុជាបានបន្តប្តេជ្ញា គោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី២៨ខែកក្កដា ក្រោមគំនិតផ្តួចផ្តើមរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងសម្របសម្រួលដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេស ម៉ាឡេស៊ីនិងជាប្រធានប្តូរវេនអាស៊ាន ព្រមទាំងមានការចូលរួមសង្កេតការណ៍ ពីបណ្តាប្រទេសជាច្រើនទៀត នៅក្នុងនោះមានសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។

ប៉ុន្តែទោះមានបទឈប់បាញ់នេះក្តី ក៏ភាគីប្រទេសថៃ នៅបន្តព្យាយាមរំលោភបំពាន ដល់កិច្ចព្រមព្រៀងឈប់បាញ់បន្តបន្ទាប់ ដោយបានបង្កឱ្យមានភាពតានតឹងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន តាមរយៈការរាយលួសបន្លា និងកង់ទ្បាន ការប្រើអំពើហិង្សាលើជនស៊ីវិលកម្ពុជា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិលនៅតាមព្រំដែន ជាដើម។

កម្ពុជាបានប្រកាន់ជំហរសន្តិភាព អត់ធ្មត់ដោយសារមិនចង់ឃើញ ប្រជាពលរដ្ឋនៃប្រទេសទំាងពីរ រងគ្រោះកាន់តែធ្ងន់ធ្ងរពីសង្រ្គាមឡើយ។ កម្ពុជាបានព្យាយាមតាមដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា ដើម្បីធ្វើយ៉ាងណាឱ្យស្ថានការណ៍ព្រំដែន វិលទៅសភាពប្រក្រតីភាព ឡើងវិញ៕

To Top