ព័ត៌មានជាតិ

អភិបាលខេត្តព្រះវិហារ អំពាវនាវ ឲ្យបន្តចូលរួមការពារ និងអភិរក្សប្រភេទសត្វត្មាត កម្រ៣ប្រភេទ ដែលជិតផុតពូជ

ព្រះវិហារ៖ លោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍មូលដ្ឋាន និងសាធារណជនទាំងអស់ ឲ្យបន្តចូលរួមយ៉ាងសកម្ម ក្នុងការការពារ និងអភិរក្សប្រភេទសត្វកម្រ និងជិតផុតពូជទាំង៣ប្រភេទនេះ រួមមាន៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដើម្បីធានាបាននូវនិរន្តរភាព នៃជីវៈចម្រុះ និងបរិស្ថានស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស លោកអភិបាលខេត្ត អញ្ជើញជា អធិបតីភាព ក្នុងកម្មវិធី អបអរសាទរ ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២៥ ក្រោមពាក្យស្លោក “ត្មាតនាំសំណាង” ។

ការប្រារព្ធទិវានេះ មានគោលបំណងលើកកម្ពស់ ការយល់ដឹងរបស់សាធារណជន អំពីតួនាទីដ៏សំខាន់ របស់សត្វត្មាត ក្នុងនាមជា “ភ្នាក់ងារសម្អាតធម្មជាតិ” ដែលជួយកាត់បន្ថយការរីករាលដាល នៃជំងឺឆ្លងពីសាកសពសត្វ ។

ក្នុងឱកាសនោះ ក៏មានការចែករំលែកបទពិសោធន៍ពីអ្នកអភិរក្ស និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹង ការប្រើប្រាស់ថ្នាំពុល ដែលជាការគំរាមកំហែងធ្ងន់ធ្ងរបំផុត ដល់អាយុជីវិតសត្វត្មាត។

(ដោយ សួន ពិសិត /ដើមអម្ពិល/ព្រះវិហារ)

To Top