ថៃ សុំលើកពេល កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)

ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) វិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្ថែមថាយោធភូមិភាគទី៤កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរក កិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ ទៅរកប្រក្រតីភាពឡើងវិញ។
