ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៣ឆ្នាំ ១៥ តុលា ២០២៥

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡុងធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ប្រារពខួបលើកទី១៣ឆ្នាំ នៃការចងចាំ ការគោរពវិញ្ញាណក្ខណ្ឌ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

ពិធីខួបលើកទី១៣ឆ្នាំនេះ ធ្វើឡើងក្នុងតំបន់បុរីរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិ និគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកនជំទាវ អភិបាលរងខេត្ត ប្រតិភូរមន្ទីរអង្គភាពជំនាញជុំវិញខេត្ត អភិបាលក្រុង ស្រុក ទាំង៧ កងកម្លាំងប្រដាប់អាវុទទាំង៣ និងមន្ត្រីរាជការជាច្រើនរូប។

ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គឺជាព្រះមហាវីរក្សត្រដ៏ឆ្នើមក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានលះបង់ និងបូជាព្រះកាយពល ព្រះបញ្ញាញាណ និងព្រះកម្លាំងកាយចិត្តយ៉ាងធំធេងបំផុត ចំពោះបុព្វហេតុជាតិមាតុភូមិ។

ព្រះអង្គបានដឹកនាំទាមទារឯករាជ្យជាតិពីអាណានិគមបារាំង យ៉ាងប៉ិនប្រសប់ រហូតទទួលបានជោគជ័យពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតសម្រាប់ជាតិខ្មែរ។ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ បានធ្វើឲ្យព្រះអង្គទទួលគោរមងារដ៏ខ្ពង់ខ្ពស់ជា “ព្រះវររាជបិតាឯករាជ្យជាតិ”។

ក្នុងរាជ្យដឹកនាំរបស់ព្រះអង្គ កម្ពុជាបានឆ្លងកាត់នូវយុគសម័យដ៏រុងរឿងមួយ ដែលគេប្រសិទ្ធនាមថា “យុគសម័យសង្គមរាស្ត្រនិយម”។ ព្រះអង្គបានកសាងជាតិ រីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ព្រះអង្គក៏ជាស្ថាបត្យករដ៏សំខាន់ក្នុងការថែរក្សា បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ផងដែរ។ ទោះបីជាប្រទេសជាតិធ្លាប់បានជួបប្រទះនូវវិបត្តិសង្គ្រាម និងភាពវឹកវរយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែបន្តតស៊ូឥតងាករេ ដើម្បីបង្រួបបង្រួមជាតិ និងនាំមកនូវសុខសន្តិភាពឡើងវិញ។

ក្នុងឱកាសទិវាខួបលើកទី១៣ឆ្នាំ នៃការចងចាំ ការគោរពវិញ្ញាណក្ខណ្ឌ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ១៥ ខែតុលា ឆ្នាំ២០២៥នេះប្រជាជាតិខ្មែរ និងបងប្អូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមអ្វើការរំលឹកនូវព្រះគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ។

ព្រះរាជបូជនីយកិច្ច និងកេរដំណែលដ៏ថ្លៃថ្លារបស់ព្រះបរមរតនកោដ្ឋ នឹងស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តកូនចៅខ្មែរគ្រប់ជំនាន់។

ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ សូមថ្វាយព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមស្តេចយាងសណ្ឋិតក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

To Top