ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំយុវជនជៀសឲ្យឆ្ងាយអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿងញៀន

ព្រៃវែង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ច្រៀច និងស្រុកកំចាយមារ ខេត្តព្រៃវែង បានណែនាំដល់យុវជនទាំងអស់ជៀសវាងឲ្យឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងសកម្មភាពខុសច្បាប់នានា ធ្វើឲ្យខូចអនាគតរបស់ខ្លួន។

ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១៥ តុលា នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ បានខិតខំយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបង្ហាត់បង្រៀន និងអប់រំសិស្សបានល្អ ឲ្យមានការគោរពវិន័យ និងមានសមត្ថភាពដែលអាចប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិតាមបំណងប្រាថ្នារបស់ខ្លួន។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់លើការ អប់រំ សីលធម៌ សុជីវធម៌ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃ របស់សិស្សានុសិស្ស បន្ថែមលើមុខវិជ្ជាគោលដែលត្រូវបង្រៀន និងសូមជួយតាមដានអាកប្បកិរិយា ក៏ដូចជាឥរិយាបថរបស់សិស្ស ក្រែងមានជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមក្មេងទំនើង ធ្លាក់ក្នុងអន្ទាក់គ្រឿងញៀន ល្បែងស៊ីសងជាដើម។

នាយឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់ឲ្យជៀសវាងឲ្យឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងសកម្មភាពខុសច្បាប់នានា ដែលធ្វើឲ្យខូចអនាគតរបស់ខ្លួន និងនាំយើងទៅរកក្ដីវិនាសអន្តរាយសម្រាប់ដំណើរជីវិតរបស់ខ្លួន។

បន្ថែមពីនេះ មិនត្រូវភ្លេចខ្លួន និងកុំមានមោទនភាពជ្រុលដែលខ្លួនការទទួលបាន និទ្ទេសល្អ ហើយទម្លាក់ចោលការខិតខំព្យាយាមសិក្សារៀនសូត្របន្ត ពីព្រោះជោគជ័យនៅពេលនេះ មិនទាន់ប្រាកដថាយើងនឹងអាចទទួលបានជោគជ័យនៅក្នុងជីវិតនោះទេ ដូច្នេះត្រូវខិតខំប្រឹងប្រែងជាបន្តទៅទៀត សម្រាប់អនាគតដ៏វែងឆ្ងាយរបស់ខ្លួន។

ដោយសារបច្ចុប្បន្ន ប្រទេសជាតិកំពុងតែស្ថិតនៅក្នុងយុគសម័យឌីជីថល ដែលមានការវិវត្ត ប្រែប្រួលឥតឈប់ឈរ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំសិស្សានុសិស្សទាំងអស់ ត្រូវសិក្សាធ្វើយ៉ាងណាទាញយក ប្រយោជន៍ពីបច្ចេកវិទ្យា មកប្រើប្រាស់ក្នុងន័យវិជ្ជមាន ជាជំនួយដល់ការសិក្សាស្រាវជ្រាវ ក៏ដូចជាផ្សព្វផ្សាយនូវចំណុចវិជ្ជមានទាំងឡាយរបស់សង្គមជាតិ ហើយសូមជៀសឲ្យខានតែបានចំពោះការប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ក្នុងន័យអវិជ្ជមានដូចជាការផ្សព្វផ្សាយ ឬចែករំលែកមាតិកា ឬ ព័ត៌មានក្លែងក្លាយ មានលក្ខណៈញុះញង់ បំពុលសង្គម ដែលនាំឲ្យមានការបែកបាក់ដល់សង្គមជាតិ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ឥស្សរជនជាថ្នាក់ដឹកនាំប្រទេស៕

To Top