កិច្ចប្រជុំ RBC កម្ពុជា-ថៃ នឹងត្រូវពន្យារពេលដោយរង់ចាំកិច្ចប្រជុំពិសេសលើកទី២ នៃGBC

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលខាងមុខ នឹងត្រូវបានពន្យារ ពេលដោយរង់ចាំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បញ្ចប់ជាមុនសិន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នារាត្រីថ្ងៃ១៩ តុលាបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជូនលិខិតឆ្លើយតប ទៅកងទ័ពភូមិភាគទី១ និងកងទ័ពភូមិភាគទី២ ថៃ ក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលខាងមុខ ដោយទទួលយកសំណើរបស់ភាគីថៃ ប៉ុន្តែស្នើសុំពន្យារពេលដោយរង់ចាំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បញ្ចប់ជាមុនសិន។
បើតាមលោកស្រីអ្នកនាំពាក្យ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
លោកស្រីថា ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នឹងបន្តពិភាក្សាជាមួយភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយឈរលើមូលដ្ឋាន នៃលទ្ធផលកិច្ចប្រជុំពិសេស លើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដើម្បីធានាការសហការគ្នាជិតស្និទ្ធជាមួយភាគីថៃ ក្នុងការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕
