ព័ត៌មានជាតិ

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំលើកដំបូង របស់សមាគម

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោកស្រី វង គន្ធារី ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និង លោកស្រី ម៉ាត់ ម៉ារ៉ា ប្រធានប្រតិបត្តិសសមាគម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

ថ្លែងក្នុងកិច្ចប្រជុំ លោកស្រី វង គន្ធារី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ សមាជិក សមាជិកាសមាគមទាំងអស់ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើសមាគម ព្រមទាំងបានសម្ដែងនូវការពេញចិត្តប្រកបដោយមោទនភាពក្រៃលែងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ និងផ្ដល់ឱកាសជូនបងប្អូននារីទាំងអស់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន រុងរឿង ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ 

លោកស្រី បានគូសបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍  បានចាប់កំណើតឡើងក្នុងពេលដែលប្រទេសជាតិជួបប្រទះនូវគ្រោះអាសន្នដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩។ ក្នុងកាលៈទេសៈនោះ បងប្អូននារីគ្រប់ស្រទាប់វណ្ណៈ បានរួមគ្នាជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍១១ខ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងនាំមកនូវមហាជ័យជម្នះជាជាប្រវត្តិសាស្ត្រ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាគ្រប់រូប។

 លោកស្រី បានមានប្រសាសន៍បន្ដថា សមាគមនារីកម្ពុជា នៅរក្សាបាននូវការដឹកនាំ ភាពឯករាជ្យ ពង្រឹងចិញ្ចឹមចលនារបស់ខ្លួន និងសហការជាមួយដៃគូអភិវឌ្ឍន៍ ដោយប្រកាន់ភ្ជាប់នូវឆន្ទៈ ទស្សនៈ និងគាំទ្រយ៉ាងមុតមាំនូវការអនុវត្តកម្មវិធីនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  ដែលបាននាំមកសន្ដិភាព និងស្ថិរភាពនយោបាយ និងបានធ្វើស្ថានភាព តួនាទីរបស់ស្ដ្រីកាន់តែប្រសើរឡើង និងការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាទីបញ្ចប់ លោកស្រី ក៏បានផ្តល់អនុប្រសាសន៍ដល់ សមាជិក សមាជិកាទាំងអស់ ឱ្យយកការលទ្ធផលដែលសម្រេចក្នុងអង្គប្រជុំទៅអនុវត្តឱ្យសម្រេចបានលទ្ធផលជាវិជ្ជមាន ដោយមានកិច្ចសហការជាមួយក្រុមការងារនានា ដើម្បីជួយដល់បងប្អូននារី សកម្មភាពជួយស្ដ្រី និងកុមារី ដោយស្មារតីសាមគ្គីភាព និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ៕

To Top