កិច្ចប្រជុំលើកទី១ របស់ក្រុមការងារ អន្តរក្រសួង ទទួលបន្ទុកជំរុញ ការអនុវត្តផែនទី បង្ហាញផ្លូវ របស់កម្ពុជា សម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គម សម្រាប់អន្តរកាលយុត្តិធម៌ (ក.ផ.ក.អ.)
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធាន ក.ផ.ក.អ. នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំលើកទី១ របស់ ក.ផ.ក.អ. នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងរៀបចំផែនការសកម្មភាព សម្រាប់ការអនុវត្តផែនទី បង្ហាញផ្លូវរបស់កម្ពុជា សម្រាប់កាតាលីករសកល ស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក លោកស្រីសមាជិកក្រុមការងារអន្តរក្រសួង និងបានលើកឡើងពីសារៈសំខាន់នៃការចូលរួមយ៉ាងសកម្មរបស់ក្រសួង ស្ថាប័នទាំងអស់ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ក្នុងនាមជាប្រទេសត្រួស ត្រាយផ្លូវ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តផែនទីបង្ហាញផ្លូវកម្ពុជា សម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គម សម្រាប់អន្តរកាលយុត្តិធម៌ កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលមានរយៈពេលអនុវត្ត ៥ឆ្នាំ (២០២៤–២០២៨)។ ផែនទីនេះមានគោលបំណង បង្កើតការងារសមរម្យ ពង្រីកប្រព័ន្ធគាំពារសង្គម និងជំរុញកំណើនប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងប្រទេសដៃគូផ្សេងទៀត ដើម្បីអនុវត្តគំនិតផ្ដួចផ្ដើម “កាតាលីករសកល” ឱ្យសម្រេចបានលទ្ធផលតាមការរំពឹងទុក៕






