ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បណ្តុះគំនិតស្អាត និងបៃតង ដល់សិស្សានុសិស្សក្នុងខេត្តមណ្ឌលគីរី សម្រាប់ថែរក្សាការពារបរិស្ថាន

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នាថ្ងៃទី២៥ តុលា បានបើកយុទ្ធនាការផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន ក្រោមប្រធានបទ៖ «ការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន» ដល់សិស្សានុសិស្សនៅវិទ្យាល័យកែវសីមា ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងបំណងឱ្យសិស្សានុសិស្សនិងពលរដ្ឋ មានស្មារតី និងផ្លាស់ប្តូរឥរិយាបទងាកមកចេះស្រឡាញ់ ថែរក្សា និងជាពិសេសការសម្អាតអនាម័យបរិស្ថានឲ្យបានស្អាត និងថែរក្សាការពារធនធានធម្មជាតិ។ 

យុទ្ធនាការនេះរៀបចំឡើងក្រោមអធិបតីភាពលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពីសំណាក់ប្រតិភូក្រសួងបរិស្ថាន អភិបាលរងខេត្តមណ្ឌលគិរី  នាយកអង្គការ WCS មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ភ្ញៀវកិត្តិយស ដៃគូនានា មន្រ្តីឧទ្យានុរក្ស កងកម្លាំងប្រដាប់អាវុធ ប្រធាន និងតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុកកែវសីម៉ា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ។

អភិបាលរងខេត្តមណ្ឌលគីរី លោក ងិន សុវិមាន ជឿជាក់ថា ការបើកយុទ្ធនាការផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន ក្រោមប្រធានបទ៖ «ការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន»នេះ និងក្លាយជាចលករដែលជំរុញឲ្យមានការផ្តើមសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវ សម្អាតបរិស្ថាន និងរក្សាភាពបៃតង នៅតាមអង្គភាព សហគមន៍ រៀងៗខ្លួន។ 

ថ្លែងក្នុងឱកាសនោះ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា  បានដាក់ចេញគោលដៅនៃការអប់រំ និងការផ្លាស់ប្តូរទម្លាប់ នៃការរស់នៅជាចម្បង គឺផ្តោតលើការអប់រំសិស្សានុសិស្ស នៅតាមសាលារៀន ដែលមានលទ្ធភាពក្នុងការជួយពង្រីកការអប់រំដល់សមាជិកគ្រួសារ និងសង្គមផងដែរ។

លោក ជួប ប៉ារីស៍ បានបន្ថែមថា ការថែរក្សាការពារបរិស្ថាន មិនមែនត្រឹមតែជាកាតព្វកិច្ចនោះទេ តែគឺជាការចូលរួមដោយក្ដីស្រឡាញ់ និងមានចិត្តស្មោះចាប់ផ្តើមពីយើងទាំងអស់គ្នា ធ្វើឱ្យកម្ពុជាកាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព ប្រជាជនមានសុខភាពល្អ និងមូលដ្ឋានមានសោភ័ណភាព។

លោក អះអាងថា ក្រសួងបរិស្ថាននឹងបន្តចូលរួមយ៉ាងស៊ីជម្រៅក្នុងយុទ្ធសាស្ត្រដើម្បីកម្ពុជាស្អាត ដោយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាបណ្តើរៗ ចាត់ចែងគ្រប់គ្រងសំណល់រឹង និងរាវឱ្យបានសមស្រប ការដាំដើមឈើយ៉ាងហោចណាស់ ១លានដើមក្នុងមួយឆ្នាំៗ ឆ្ពោះទៅការពង្រីកគម្របព្រៃឈើឱ្យបានច្រើននៅឆ្នាំ២០៥០៕

To Top