កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍រួមរវាង កម្ពុជា-ថៃ ដើម្បីធានាថា «សន្តិភាពនេះនៅស្ថិតស្ថិរ»
ភ្នំពេញ ៖ កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាព ស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមនេះ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃ និងដៃគូ ទាំងអស់ ដើម្បីធានាថា «សន្តិភាពនេះនៅស្ថិតស្ថិរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃ ប្រទេសទាំងពីរ»។
នេះបើយោងតាមចេញសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផល នៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង នាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលជាប្រធានអាស៊ានជាសាក្សី ចេញផ្សាយដោយ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៦ តុលា នេះ។ តបតាមការអញ្ជើញរបស់ លោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយនឹងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ។ ពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពី លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង លោក Dato’ Seri Anwar Ibrahim។
ក្រសួងការបរទេស បានគូសបញ្ជាក់បន្ថែមថា ថ្ងៃនេះត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសារវ័ន្តសម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសយើងទាំងពីរថា សន្តិភាពនៅតែអាចមាន ដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា។
តាងនាមប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកប្រធានាធិបតី Donald J. Trump ក្នុងភាពជា និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រសន្តិភាពជានិរន្តន៍រវាងកម្ពុជានិងថៃ និងចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ក្នុងការជួយធ្វើឱ្យសមិទ្ធផលនេះក្លាយជាការពិត។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ចំពោះការគាំទ្រដោយឥតងាករេ និងការសម្របសម្រួលរបស់លោកក្នុងដំណើរការ ស្វែងរកសន្តិភាពនេះរហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។ សម្តេចធិបតីក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានា ដែលបានគាំទ្របទឈប់បាញ់តាំងពីដើមរៀងមក។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាព ស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមនេះ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃ និងដៃគូ ទាំងអស់ ដើម្បីធានាថា សន្តិភាពនេះនៅស្ថិតស្ថិរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃ ប្រទេសយើងទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការបន្តគាំទ្រ និងការរួម ចំណែករបស់សហគមន៍អន្តរជាតិ និងដៃគូនានា ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្តីថ្លែងការណ៍ រួមនេះ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំចំពោះការដោះលែង ទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ ក្រោមហេតុផលមនុស្សធម៌ និងស្របតាមការឯកភាពគ្នាក្នុងសេចក្តី ថ្លែងការណ៍រួមនេះ។
ជាចុងក្រោយ ដោយទទួលស្គាល់ការលះបង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ របស់ លោកប្រធានាធិបតី Donald J. Trump ក្នុងការលើកកម្ពស់សន្តិភាព មិនត្រឹមតែរវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ថែមទាំងក្នុងចំណោមប្រជាជាតិទាំងឡាយ និងដើម្បីបង្ហាញនូវការដឹងគុណរបស់ ប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសស្នើបេក្ខភាព លោកប្រធានាធិបតី Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព៕
