ព័ត៌មានជាតិ

គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ទៅត្រួតពិនិត្យជម្រកស្នាក់នៅ និងទីតាំងសាងសង់ផ្ទះថ្មី ជូនក្រុមគ្រួសារ អតីតយុទ្ធជនពលី!

កំពង់ធំ: លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ តំណាងគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំគណៈកម្មាធិការសមាគម អតីតយុទ្ធជន និង និវត្តជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក ចុះ ពិនិត្យជម្រកស្នាក់នៅបច្ចុប្បន្ន និងត្រួតពិនិត្យទីតាំង សម្រាប់សាងសង់ផ្ទះថ្មី ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមបតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនលោកយាយ  គល់ វួន អាយុ ៦៦ឆ្នាំ ជាភរិយានៃសពអតីតយុទ្ធជនឈ្មោះ រិទ្ធ រឿន ដែលបានពលីជីវិតក្នុងសមរភូមិនាសម័យសង្គ្រាម ។  ដែលបច្ចុប្បន្នមានកូន និងចៅ រស់នៅក្នុងបន្ទុកចំនួន ៥នាក់ នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក  ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ៖ ដើម្បីជាការដឹងគុណ ដល់ការលះបង់សាច់ស្រស់ឈាម ស្រស់របស់អតីតយុទ្ធជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ នាសម័យសង្គ្រាមស៊ីវិលក្នុងពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកបានយកចិត្តទុកដាក់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន៕

ដោយ៖ សំនៀង/កំពង់ឆ្នាំង/ដើមអម្ពិល

To Top