ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលី បើកការដ្ឋានសាង សង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា

ភ្នំពេញ ៖​ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ លោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបើកការដ្ឋាន សាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី នូវសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យ​ ក្នុងការបើកការដា្ឋនសាង សង់ប្រព័ន្ធរំដោះទឹកនេះ។

ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះ​ ប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើន តែងប្រារព្វពិធីនេះឡើង មិនខនខានឡើយ។

យោងតាមមន្ត្រី របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយការសិក្សាលម្អិត ពីក្រុមការងារបច្ចេកទេស ក្នុងទីតាំងវិមានព្រឹទ្ធសភា ឃើញថា ទិន្ន័យផ្ទៃក្រឡាទំហំ១៧០០០ម៉ែត្រការ៉េ បានលិចដោយបរិមាណទឹកភ្លៀង នឹងបរិមាណទឹក ដែលច្រាលចេញពីលូរដ្ឋ មុខកាត់១ម៉ែត្រកន្លះ ហូរចូលក្នុងទីតាំងវិមានព្រឹទ្ធសភា ។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចសាងសង់ប្រព័ន្ធរំដោះទឹក ក្នុងវិមានព្រឹទ្ធសភានេះ ។

ការដ្ឋាននេះ ជាគម្រោងនឹងត្រូវសាងសង់លូមូល មុខកាត់ទំហំ១ម៉ែត្រ ភ្ជាប់ទីតាំងរីហ្គែរចាស់មានស្រាប់ ចូលទីតាំងរីហ្គែរបេតុងថ្មី ជាប់អាងស្តុកទឹក នឹងតភ្ជាប់លូមូលមុខកាត់១ម៉ែត្រ ចូលរីហ្គែរបេតុងទ្វាទឹកថ្មី ដែលលូមូលមុខកាត់១ម៉ែត្រ មានប្រវែងសរុប ៣០ម៉ែត្រ។សាងសង់អាងស្តុកទឹកភ្លៀង ទំហំ ៧៥ម៉ែត្រ x៤ម៉ែត្រនឹងមានកម្ពស់៣.២ម៉ែត្រ ។ សាងសង់អាងស្តុកទឹកភ្លៀងសាងសង់ ពីបេតុងឆ្អឹងដែក មានប្រវែង៧៥ ម៉ែត្រទទឹង៤ម៉ែត្រ កម្ពស់៣.២ម៉ែត្រ អាចស្តុកទឹកភ្លៀងបណ្តោះអាសន្ន បានទំហំ ៩៦០ម៉ែត្រគូប។ តម្លើងម៉ូទ័របូមទឹកចំនួន ៣គ្រឿង នឹងតម្លើងត្រង់ស្នូរ ២៥០kva ភ្ជាប់ចូលទូរបញ្ជារម៉ូទ័របូម ។ ម៉ូទ័របូមទឹកចំនួន៣គ្រឿង អាចបូមទឹកបាន បរិមាណមធ្យម ចន្លោះពី ២៤០០ម៉ែត្រគូប ទៅ៣០០០ម៉ែត្រគូប ក្នុងមួយម៉ោង ដែលម៉ូទ័របូមទឹក១គ្រឿង មានទំនង់៧០០គីឡូក្រាម។ ចាក់បេតុឆ្អឹងដែកកម្រាស់១៥សង់ទីម៉ែត្រ ក្រឡាផ្ទៃ ៥០០ម៉ែត្រការ៉េនឹងកៅស៊ូ AC កម្រាស់៥០មីលីម៉ែត្រ មានក្រឡាផ្ទៃ ១០០០ម៉ែត្រការ៉េ ។ ចាក់បេតុងបន្ថែមភ្ជាប់បេតុងអាងទឹក ឱ្យបានទំហំទទឹង៦ម៉ែត្រ នឹងការងារអ៊ុតកៅស៊ូ AC កម្រាស់ ៥០ម៉ែត្រទទឺង៦ម៉ែត្រ ។

គម្រោងខាងលើនេះ​ អនុវត្តគម្រោងរដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់ពេលវេលានៃការស្ថាបនា ក្នុងរយៈ ពេល៣ខែ ដោយគិតចាប់ពីថ្ងៃទី១ វិច្ឆិកា ២០២៥ នឹងត្រូវបញ្ចប់នៅថ្ងៃទី១ កុម្ភៈឆ្នាំ២០២៦៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top