ជប៉ុន ស្វាគមន៍ ចំពោះការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍ រួមទាក់ទងជម្លោះ ព្រំដែនរវាង កម្ពុជា-ថៃ
ភ្នំពេញ ៖ ជប៉ុន បានស្វាគមន៍ ចំពោះការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែនរវាង កម្ពុជា-ថៃ ខណៈជប៉ុន សង្ឃឹមថា ភាពតានតឹង រវាង កម្ពុជា-ថៃ នឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការអនុវត្តដ៏ម៉ឺងម៉ាត់ នូវកិច្ចព្រមព្រៀងនេះ។
តាមរយៈសេចក្តីថ្លែងការណ៍ របស់ លោក Motegi Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហោះនៅលើបណ្ដាញ សង្គមហ្វេសប៊ុក របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី២៦ តុលា បានឲ្យដឹងថា ប្រទេសជប៉ុន សូមស្វាគមន៍ ចំពោះការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ទាក់ទងជម្លោះព្រំដែន ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមវត្តមានរបស់ លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ»។
កិច្ចព្រមព្រៀងនេះ គឺជាវឌ្ឍនភាពដ៏ជាក់ស្តែង និងច្បាស់លាស់នៃការឈប់បាញ់ ដែលបានសម្រេចកន្លងមក រវាងប្រទេសកម្ពុជា និងថៃ។ ប្រទេសជប៉ុនសង្ឃឹមថា ភាពតានតឹងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការអនុវត្តដ៏ម៉ឺងម៉ាត់ នូវកិច្ចព្រមព្រៀងនេះ។
ប្រទេសជប៉ុន ក៏បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែង ការទូតរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ដែលបានខំប្តេជ្ញាក្នុងការស្ថាបនាទំនុកចិត្តឡើងវិញរវាងប្រទេសទាំងពីរ សំដៅឆ្ពោះទៅរកកិច្ចព្រមព្រៀងនេះ ។ ភាពប្រសើរឡើងវិញ នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់ សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។
ក្នុងន័យនេះ រដ្ឋាភិបាលជប៉ុន នឹង បន្តខិតខំប្រឹងប្រែង ក្នុងការបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយ ប្រទេសពាក់ព័ន្ធនានា ដូចជាការផ្តល់សម្ភារៈ ដល់ប្រទេសម៉ាឡេស៊ីដែលដឹកនាំក្រុមអ្នក សង្កេតការណ៍បទឈប់បាញ់ តាមរយៈជំនួយសន្តិសុខផ្លូវការ (OSA)របស់ប្រទេសជប៉ុន ដោយឆ្ពោះទៅរកការរក្សា និងពង្រឹងសន្តិភាពរយៈពេល មធ្យមនិងវែង៕
