ព័ត៌មានជាតិ

លោក ម៉ៅ ធនិន ៖ អ្នកមានតួនាទី ត្រូវមានគុណធម៌ យល់ច្បាស់ពីច្បាប់ ដើម្បីបំរើប្រជាពលរដ្ឋ

កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានក្រើនរំលឹក ដល់មន្ត្រីរាជការទើបទទួលការតែងតាំងថ្មីគ្រប់មុខតំណែងទាំងអស់ ក្នុងរដ្ឋបាលខេត្ត ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវមានគុណធម៌ ក្នុងការបំពេញការងារ ស្វែងយល់ឱ្យបានច្បាស់អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដើម្បីផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អប្រសើរ និងចូលរួមអភិវឌ្ឍន៍ សង្គមជាតិឱ្យរីកចម្រើនទៅមុខ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត តាមបណ្តាមន្ទីរ និងរដ្ឋបាលក្រុង-ស្រុក នៃខេត្តកំពត នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាសាលសន្និសីទ បូកគោ សាលាខេត្តកំពត លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា អ្នកដែលត្រូវប្រកាសចូល កាន់មុខតំណែងនាពេលនេះ គឺជាអ្នកដែលមានសមត្ថភាពហើយទទួលបានការទុកចិត្ត ពីថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំខេត្ត ដោយប្រគល់តួនាទីភារកិច្ច ជូនតាមជំនាញរៀងៗខ្លួន ។

លោក អភិបាលខេត្ត បានបន្តថា «ការទទួលបានតួនាទីនេះគឺជាការទទួលនូវអំរែក និងបន្ទុកច្រើនជាងមុនដែលត្រូវអនុវត្តន៍ ហើយអ្វីដែលយើងត្រូវធ្វើនោះ គឺការបំពេញតួនាទី ភារកិច្ចប្រកបដោយគុណធម៌ ដែលគុណធម៌នោះគឺជាសេចក្ដីល្អ សេចក្ដីបរិសុទ្ធ សេចក្ដីអាណិត ការសណ្តោសប្រណី ចំពោះអ្នកក្រោមឱវាទ ពិសេសប្រជាពលរដ្ឋ ហើយត្រូវជួយយកអាសារគ្នាដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់រើសអើងវណ្ណៈ ពណ៌សម្បុរ ឬពូជសាសន៍អ្វីទាំងអស់»។

លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពត បានឱ្យដឹងថា ការប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត តាមបណ្តាមន្ទីរ និងរដ្ឋបាលក្រុង-ស្រុក នៃខេត្តកំពតនាពេលនេះមានមន្ត្រីរាជការចំនួន ៥៦នាក់ ក្នុងនោះស្រី ១១នាក់ មានមន្ទីរ-អង្គភាពចំនួន៦ រួមមាន៖ សាលាខេត្តកំពត, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរអប់រំយុវជន និងកីឡា, មន្ទីរបរិស្ថាន, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, និងមន្ទីររ៉ែ និងថាមពល និងក្រុង-ស្រុកចំនួន៣រួមមាន៖ រដ្ឋបាលក្រុងកំពត, រដ្ឋបាលស្រុកទឹកឈូ និងរដ្ឋបាលស្រុកជុំគិរី៕

To Top