ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងអះអាងថា ទណ្ឌកម្មថ្មីធ្វើឱ្យស្មុគស្មាញ ដល់ការស្តារទំនាក់ទំនង រុស្ស៊ី-អាមេរិក

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យថា ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ធ្វើឱ្យស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Peskov បានប្រាប់អ្នកកាសែតនៃប៉ុស្តិ៍ទូរទស្សន៍ Russia-1 លោក Pavel Zarubin ដោយធ្វើអត្ថាធិប្បាយលើទណ្ឌកម្មថា “ជាការពិតណាស់ សកម្មភាពដែលបានធ្វើឡើង ក្នុងសប្តាហ៍នេះ គឺជាចលនាមិនរាក់ទាក់ ។ ពួកគេពិតជាបានបំផ្លាញទស្សនវិស័យ សម្រាប់ការស្តារទំនាក់ទំនង របស់យើងឡើងវិញ ប៉ុន្តែនេះមិនមានន័យថា យើងគួរបោះបង់ចោលសេចក្តី ប្រាថ្នាទាំងនេះទេ”។

លោកបានបន្ថែមថា រុស្ស៊ីចាប់អារម្មណ៍ក្នុងការកសាងទំនាក់ទំនងល្អ ជាមួយប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ។ អ្នកនាំពាក្យរូបនេះ បានកត់សម្គាល់ថា លោកពូទីនពេញចិត្ត ចំពោះបំណងប្រាថ្នារបស់លោក ដូណាល់ ត្រាំ ក្នុងការសម្រេចបាន នូវដំណោះស្រាយ ចំពោះជម្លោះអ៊ុយក្រែន ប៉ុន្តែបានសង្កត់ធ្ងន់ថាវា “មិនអាចដោះស្រាយបានក្នុងពេលតែមួយយប់នោះទេ”។

នៅថ្ងៃពុធ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេង Rosneft និងក្រុមហ៊ុន Lukoil ដែលជាក្រុមហ៊ុនផលិតប្រេងធំ ជាងគេពីររបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យមាន “បទឈប់បាញ់ជាបន្ទាន់” ដោយបន្ថែមថា សេតវិមានបានត្រៀមខ្លួន រួចជាស្រេចដើ ម្បីចាត់វិធានការ បន្ថែមទៀតប្រសិនបើចាំបាច់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងពាណិជ្ជកម្មជាច្រើនលើកច្រើនសារលើប្រទេសរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយកំណត់គោលដៅលើធនាគាររុស្ស៊ី ឧស្សាហកម្មការពារជាតិ និងការនាំចេញថាមពល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top