ក្រសួងឧស្សាហកម្ម បើកយុទ្ធនាការ ផ្សព្ចផ្សាយការ ចុះបញ្ជីផលិតផល ដើម្បីពង្រឹងគុណភាព ទំនុកចិត្ត និងពង្រីកទីផ្សារទំនិញ
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ តុលា បានបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ ។ យុទ្ធនាការនេះ នឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ និងការគាំទ្រ ពិសេសសម្រាប់ទាំង អ្នកផលិតក្នុងស្រុក និងក្រុមហ៊ុននាំចូលផលិតផល ។
យុទ្ធនាការនេះ ត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ២ ពាន់នាក់ រួមទាំងសហគ្រាសផលិតក្នុងស្រុកចំនួន១៩ ក្រុមហ៊ុននាំចូលចំនួន៦ ក្រុមហ៊ុនដំឡើងរថយន្តចំនួន៣ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន។

ក្នុងយុទ្ធនាការនេះ សហគ្រាសផលិត និងក្រុមហ៊ុននាំចូល ដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ នឹងទទួលបានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ ១០% សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩ មុខ, ១៥% សម្រាប់ការចុះបញ្ជីផលិតផលពី ២០-៤៩ និង ២០% សម្រាប់ការចុះបញ្ជីផលិតផលលើសពី៥០មុខ ក្នុងពេលតែមួយ ។
លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា «ការចុះបញ្ជីផលិតផល មិនមែនជាការងារថ្មី ឬបន្ទុកបន្ថែមសម្រាប់អាជីវកម្មទេ ប៉ុន្តែយុទ្ធនាការនេះ កើតចេញពីឆន្ទៈក្នុងការកែលម្អសេវា និងការគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដរបស់ក្រសួង ។ យុទ្ធនាការពេលនេះគឺទាន់ពេល ត្រូវកាលៈទេសៈ និងឆ្លើយតបផ្ទាល់ទៅនឹងកង្វល់ និងសំណូមពររបស់ទីផ្សារ ទាំងអ្នកផលិតនិងអ្នកប្រើប្រាស់ ក៏ដូចជាការវិវត្ត នៃសភាពការណ៍ពាណិជ្ជកម្ម»។

ការចុះបញ្ជីផលិតផល គឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណ ដល់ផលិតផលគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់ នូវតម្លាភាព និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល ។
ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានស្តង់ដារកម្ពុជា បានចុះបញ្ជីផលិតផលចំនួន ៩.៥៣៥ ដែលជាចំនួនតិចនៅឡើយ បើធៀបនឹងចំនួនផលិតផល ដែលកំពុងចរាចរនៅលើទីផ្សារ ហើយក្រសួងកំពុងរៀបចំយន្តការបន្ថែម ដោយសម្រួលនីតិវិធី និងកាត់បន្ថយចំណាយ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួម កាន់តែច្រើនពីអ្នកផលិត និងអ្នកនាំចូលទំនិញ៕
