លោក ខូយ រីដា អញ្ជើញទទួលស្វាគមន៍ ដំណើរទស្សនកិច្ច ប្រតិភូ កូរ៉េនិង ទទួលរថយន្ត ៣ គ្រឿង
ខេត្តពោធិ៍សាត់÷ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់លោក Park Woohee ប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ តំណាងឯកឧត្តមអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដែលបាននាំយក នូវរថយន្តពេទ្យ ចំនួន០២គ្រឿង និង រថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់រដ្ឋបាលខេត្ត Gyeonggi-do សម្រាប់ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ។

បន្ទាប់ពី លោក Park Woohee ប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ តំណាងលោកអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ បានមានចំណាប់អារម្មណ៍ និងបង្ហាញពីវត្ថុបំណងនោះរួចមក, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះលោក Park Woohee និងឯកឧត្តមអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជាគណៈប្រតិភូទាំងអស់ ដែលបានផ្ដល់ជំនួយ នូវរថយន្តពេទ្យ ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង ជូនដល់រដ្ឋបាលខេត្តនាពេលនេះ ដើម្បីជួយបម្រើជាផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

លោក ខូយ រីដា ក៍បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងគាំទ្រ ដោយប្តេជ្ញាខិតខំជម្រុញកិច្ចសហការ លើប្រតិបត្តិការវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច អប់រំ កសិកម្ម ជាពិសេសការបញ្ជូនពលករ ក្នុងខេត្តពោធិ៍សាត់ ទៅធ្វើការតាមរដូវកាល នៅខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដោយស្របតាមគោលនយោបាយ នៃប្រទេសទាំងពីរ។

លោកអភិបាលខេត្ត ក៍បានគូសបញ្ជាក់បន្ថែមថា កន្លងមកនេះ ពលករភាគច្រើន ពួកគេពេញចិត្តទៅធ្វើការនៅប្រទេសកូរ៉េ និងជប៉ុនច្រើនជាងគេ នេះដោយសារប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ និងទទួលបានប្រាក់ខែខ្ពស់ ដើម្បីយកមកអភិវឌ្ឍន៍ក្រុមគ្រួសារ នៅស្រុកកំណើត។ ឯកឧត្តមក៏សូមអរគុណដល់ រដ្ឋបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដែលបានជ្រើសរើសពលករ ដែលមានសមត្ថភាពក្នុងខេត្តពោធិ៍សាត់ ដើម្បីទៅធ្វើការ ស្របតាមកិច្ចព្រមព្រៀម ដែលបានចុះហត្ថលេខានាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ ក៏មានកម្មវិធីប្រគល់-ទទួលរថយន្ត និងគ្រឿងឥស្សរិយយស លិខិតថ្លែងអំណរគុណ ព្រមទាំងវត្ថុអនុស្សាវរីយ៍ ជូនដល់ដល់សប្បុរសជន ០៥រូប នៃសាធារណរដ្ឋកូរ៉េ ដែលបានជួយឧបត្ថម្ភសម្ភារៈ បរិក្ខារពេទ្យ ថ្នាំពេទ្យ រថយន្តសង្គ្រោះបន្ទាប់ និងរថយន្តពន្លត់អគ្គិភ័យផងដែរ៕
ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)







