ព័ត៌មានជាតិ

កម្ពុជា-ហុងគ្រី ពង្រឹងទំនាក់ទំនងការទូត ដើម្បីលើកកម្ពស់​ ផលប្រយោជន៍ពលរដ្ឋ និងសុខសន្តិភាព

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និឯលោក ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី បានឯកភាពរួមគ្នាលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ដើម្បីបម្រើដល់ផលប្រយោជន៍ ប្រជាពលរដ្ឋប្រទេសទំាងពីរ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់សុខសន្តិភាព នៅក្នុងពិភពលោក ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាសកល ។

ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាហុងគ្រី ក្នុងឱកាស សម្តេច ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៥។

លោក ឡាស្លូ កូវឺរ បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំរបស់ប្រទេសទំាងពីរ ទំាងស្ថាប័នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាបន្តបន្ទាប់នេះ បានបង្ហាញពីចំណងមិត្តភាពកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ។ នៅក្នុងឆ្នាំ២០២៦ ខាងមុខ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងមិត្តភាពកម្ពុជា-ហុងគ្រី កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនឹងត្រូវពង្រឹងពង្រីកបន្ថែមទៀត។ ហុងគ្រីនឹងជំរុញការបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា ក្នុងពេលឆាប់ៗនេះ និងដំឡើងចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាពី១៥នាក់ទៅ៣០នាក់ក្នុងមួយឆ្នាំ។

សម្តេច ឃួន សុដារី បានលើកឡើងថា កម្ពុជា និងហុងគ្រី ជាមិត្តដ៏ល្អស្មោះត្រង់ ជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។ ហុងគ្រីជាមិត្តដ៏ល្អរបស់កម្ពុជាឆ្លងទ្វីប ។ ចំណងមិត្តភាពកម្ពុជានិងហុងគ្រី មិនត្រឹមតែផ្តល់តម្លៃសម្រាប់ពលរដ្ឋទំាងពីរប្រទេសប៉ុណ្ណោះទេ តែជាច្រកនៃទំនាក់ទំនងអាស៊ី និងអ៉រ៉ុប ថែមទៀតផង។

សម្តេច ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនបានកាត់ផ្តាច់ពីការគំាទ្ររបស់ហុងគ្រីបានឡើយ។ សម្តេច បានអរគុណដល់ហុងគ្រី ដែលបានយកចិត្តទុកដាក់ ដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសហុងគ្រីនៅក្នុងនោះមានការផ្តល់ប័ណ្ណក្នុងការព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដល់និស្សិតកម្ពុជា ជាដើម៕

To Top