សមាគមខ្មែរចំនួន ៦ នៅកូរ៉េខាងត្បូង ចេញញត្តិគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានជោគជ័យប្រវត្តិសាស្ត្រ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
ភ្នំពេញ៖ សមាគមខ្មែរចំនួន ៦ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានចេញញត្តិគាំទ្រ និងសម្តែងក្តីសោមនស្សរីករាយ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សមាគមទាំង ៦នោះ រួមមាន៖ សមាគមខ្មែររួមគ្នាដើម្បីខ្មែរ នៅសាធារណរដ្ឋកូរ៉េ, សមាគមបញ្ញាវន្តខ្មែរនៅកូរ៉េ, សមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ, សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាងសុង សាធារណរដ្ឋកូរ៉េ, សមាគមកម្ពុជាសាមគ្គី, និងសមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា។
នៅក្នុងញត្តិគាំទ្រសមគមទាំង ៦បានលើកឡើងថា សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីភាពប៉ិនប្រសប់ គតិបណ្ឌិត និង ការដឹកនាំយ៉ាងខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ក្នុងការអនុវត្តនូវ “យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម” ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ កិច្ចព្រមព្រៀងនេះ នឹងនាំមកនូវសន្តិភាព ស្ថិរភាព និងការស្តាឡើងវិញនូវ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលនឹងបើកទំព័រថ្មីមួយ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និង សុខមាលភាពរបស់ប្រជាពលរដ្ឋ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងទូទាំងប្រទេស។
សហគមន៍ខ្មែរនៅកូរ៉េបន្ថែមថា ការខិតខំប្រឹងប្រែងរបស់ សម្ដេចធិបតី ក្នុងការសម្រេចបាន នូវកិច្ចព្រមព្រៀងនេះ គឺពិតជាគំរូវីរភាពមួយ សម្រាប់អ្នកដឹកនាំជំនាន់ក្រោយ ដែលជាយុវជនទាំងអស់គ្នាសូមប្តេជ្ញា បន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមគំនិតផ្តួចផ្តើម និងទស្សនៈដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចធិបតី ដើម្បីរួមចំណែកដល់ការកសាង និងថែរក្សាសន្តិភាព ស្ថិរភាព និងការរីកចម្រើន របស់ប្រទេសជាតិនៃយើង៕






