ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការជ្រើសរើស និងគ្រប់គ្រងមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ ជាកិច្ចការចាំបាច់

បាត់ដំបង ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងឲ្យដឹងថា ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ ជាកិច្ចការចាំបាច់ ដើម្បីគាំទ្រដល់ដំណើរការ នៃការកែទម្រង់ ឆ្ពោះទៅកាន់ការគ្រប់គ្រងមុខងារសាធារណៈ ផ្អែកលើសមិទ្ធកម្ម ។

ការឲ្យដឹងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការជ្រើសរើសនិ ងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ប្រព្រឹត្តទៅសាលប្រជុំសាលាខេត្តបាត់ដំបង មានសិក្ខាកាមសរុបចំនួនប្រមាណ ៣០០នាក់ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងពិធីបើក លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនសិក្ខាកាមថា «ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាយន្តការពិសេសថ្មីមួយ របស់រាជរដ្ឋាភិបាល នឹងជួយលើកកម្ពស់ប្រសិទ្ធភាព នៃការប្រើប្រាស់ធនធានមនុស្ស និងដោះស្រាយបញ្ហាប្រឈម ដែលមានក្នុងប្រព័ន្ធមុខងារសាធារណៈបែបអាជីពនាពេលបច្ចុប្បន្ន ដូចជាបញ្ហាលើស ប៉ុន្តែខ្វះមន្ត្រី កង្វះមន្ត្រីមានជំនាញពិតប្រាកដ ការអភិវឌ្ឍសមត្ថភាពមន្ត្រី ឱ្យស្របតាមការវិវត្តនៃសង្គម»។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ការអនុវត្តបែបនេះ គឺជាកិច្ចការចាំបាច់ ដើម្បីគាំទ្រដល់ដំណើរការ នៃការកែទម្រង់ឆ្ពោះទៅកាន់ការគ្រប់គ្រង មុខងារសាធារណៈ ផ្អែកលើសមិទ្ធកម្ម។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យន្តការថ្មីនេះ ជារបៀបនៃការគ្រប់គ្រងធនធានមនុស្ស បែបប្រព័ន្ធនិយោជន៍ ដែលជារបៀបនៃការអនុវត្ត យ៉ាងទូលំទូលាយ ក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ នាពេលបច្ចុប្បន្ន ។ ការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដំណាក់កាលនេះ គឺជាការផ្លាស់ប្តូរមួយ ក្នុងទ្រង់ទ្រាយធំ និងមុតស្រួច ដែលមិនត្រឹមតែការកសាងលិខិតបទដ្ឋានគតិយុត្ត និងជំរុញឱ្យមានការផ្លាស់ប្តូរតែប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត ការបញ្ជ្រាបទស្សនាទាន និងការបង្កើនចំណេះដឹង ដល់មន្ត្រីរាជការ ក៏ដូចជាប្រជាជនខ្មែរ ដើម្បីបង្កើនការគាំទ្រ ការចូលរួម និងជំនឿទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល ។

សូមជម្រាបថា សិក្ខាសាលាពេញមួយថ្ងៃនេះ នឹងមានការរៀបចំបទ បង្ហាញចំនួន៣ រួមមាន៖ ទី១) ទស្សនាទានគោលនយោបាយ ក្នុងការកែទម្រង់មុខងារសាធារណៈ, ទី២) ការជ្រើសរើសនិងការគ្រប់គ្រងផ្អែកលើកិច្ចព្រមព្រៀងការងារ, និងទី៣) ការបំពេញការងារ របស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ៕

To Top