ព័ត៌មានជាតិ

លោកបណ្ឌិតជា មុនីឫទ្ធិ ៖ គំនិតផ្ដួចផ្ដើមសហគមន៍ វាសនារួម សម្រាប់មនុស្សជាតិ របស់ចិនមិនទុកប្រទេស ណាចោលឡើយ

ភ្នំពេញ ៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានចាត់ទុកប្រាជ្ញាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ» ដែលបង្កើតឡើងដោយចិន ប្រៀបដូចជារថយន្តដ៏ធំ ដែលអាចផ្ទុកប្រទេសទាំងអស់ ក្នុងការផ្តល់ជាមធ្យោបាយ ដល់មនុស្សជាតិ ទាំងអស់គ្នាប្រកៀកស្មាគ្នា រួមគ្នាធ្វើដំណើរនៅលើវិថី នៃការអភិវឌ្ឍដោយមិនទុក ប្រទេសណាចោលឡើយ ។

លោកបណ្ឌិតបញ្ជាក់ថា ខ្លឹមសារស្នូលនៃប្រាជ្ញាចិននេះគឺ បានដាស់តឿនមនុស្សជាតិ ឱ្យលុបបំបាត់ស្មារតី សង្រ្គាមនៅគ្រប់សញ្ញាណទាំងអស់ ហើយជំរុញឲ្យមានទស្សនវិស័យថ្មីមួយ នៃសន្តិសុខដែលមានលក្ខណៈរួមគ្នា ពេញលេញ សហប្រតិបត្តិការគ្នា និងប្រកបដោយចីរភាព ។
លោកបណ្ឌិតមើលឃើញថា ស្របពេលដែលប្រាជ្ញាចិន ស្តីពី«កិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ» ឈានជើងចូលក្នុងទសវត្សរ៍ថ្មីមួយ ក្នុងនាមជាមិត្តដែកថែបរបស់ចិន កម្ពុជាក៏បានស្រូបទាញ យកផល ពីគំនិតនេះ ដោយបានកសាងភាពជា ដៃគូដែលអាចផ្តល់ កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ និងរួមគ្នា ជាមួយបណ្តាប្រទេសទាំងអស់ ក្នុងការសម្រេចសេចក្តី ប្រាថ្នារួម នៃការអភិវឌ្ឍប្រកដោយចីរភាព សន្តិភាព វិបុលភាព សមភាព និងភាពយុត្តិធម៌ រីកដុះដាលនៅទូទាំងពិភពលោក ។ ដោយមាន «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ»ជាម៉ាស៊ីន នោះប្រាជ្ញាចិននេះ នឹងផ្តល់ជូនដល់កម្ពុជា នូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច របស់ខ្លួនបានយ៉ាងឆាប់រហ័ស ដោយឈរលើទម្រ នៃសុខសន្តិភាពពេញលេញ ។

គំនិតផ្ដួចផ្ដើមសហគមន៍ វាសនារួម សម្រាប់មនុស្សជាតិ គឺជាទស្សនវិជ្ជា និងគោលគំនិតស្នូល នៃកិច្ចការបរទេស របស់ប្រទេសចិន ក្នុងយុគសម័យថ្មី ដែលត្រូវបានលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន តាំងពីឆ្នាំ ២០១៣។
គោលដៅសំខាន់ៗនៃគំនិតផ្ដួចផ្ដើមនេះគឺ ៖ ដើម្បីកសាងពិភពលោកមួយ ដែលប្រកបដោយ ៖ សន្តិភាពយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ ។ សន្តិសុខរួម សម្រាប់ទាំងអស់គ្នា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។ ភាពរុងរឿងរួម តាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ ភាពបើកចំហ និងបរិយាបន្ន តាមរយៈការផ្លាស់ប្ដូរ និងការរៀន សូត្រទៅវិញទៅមក និងបរិស្ថានស្អាតស្អំ និងស្រស់ស្អាត តាមរយៈការអភិវឌ្ឍ ប្រកបដោយចីរភាព និងគំរូពណ៌បៃតង ៕

To Top