សមត្ថកិច្ច បិទចរាចរណ៍ នៅចំណុចគល់ស្ពាន អាកាសមរតកតេជោ ជាបណ្ដោះអាសន្ន ដោយសាររថយន្តដឹកទំនិញធុនធំ ដឹកធុងជ័រខ្ពស់ពេក ជាប់បារ៉ាស់ កំណត់កម្ពស់រថយន្ដ
 
																						
											
											
											ភ្នំពេញ ៖ សមត្ថកិច្ច បិទចរាចរណ៍នៅចំណុចគល់ស្ពានអាកាសមរតកតេជោ (មកពីផ្លូវ៦០ម៉ែត្រ, មកពីផ្លូវ២៧១, មកពីផ្លូវព្រះនរោត្តមនិងច្បារអំពៅ) ជាបណ្ដោះអាសន្ន មូលហេតុ ដោយសារតែ មានរថយន្តដឹកទំនិញធុនធំ ម៉ាក HYUNDAI ស្លាកលេខភ្នំពេញ 3C-8951 ដឹកធុងជ័រខ្ពស់ពេក បេីកឡេីងស្ពានអាកាសមរតកតេជោ មិនបានដឹងថា មានបារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានឡេីយ ។

លុះបេីកចុះពីលេីស្ពានវិញ មកដល់គល់ស្ពានអាកាសមរតកតេជោ ស្រាប់តែទេីសបារ៉ាស់ដែលកំណត់កម្ពស់ (ត្រឹម3,6ម៉ែត្រប៉ុណ្ណោះ) មិនអាចឆ្លងកាត់បាន និង មិនអាចថយក្រោយឡេីងស្ពានបានបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ រាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌចំការមន ចុះជួយអន្តរាគមន៍ និងឲ្យអ្នកបេីកបររថយន្តដឹកទំនិញខាងលេី ទម្លាក់សម្ភារៈដែលដឹកខ្ពស់ហួសបារ៉ាស់ចេញ ទេីបអាចធ្វេីដំណេីរឆ្លងកាត់បាន ហេតុការណ៍នេះកេីតឡេីងកាលីម៉ោងជាង៥ទៀបភ្លឺ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ នៅចំណុចស្ពានអាកាសមរតកតេជោ ជាប់ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា នៅត្រង់ចំណុចគល់ស្ពាន(ទិសដៅពីច្បារអំពៅ និងពីផ្លូវព្រះនរោត្តម)ឡេីងស្ពានអាកាសមរតកតេជោ ស្ថិតក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏មានបារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់លេីស្ពានដែរ តែបារ៉ាស់កំណត់កម្ពស់ខាងលេី ត្រូវបានរថយន្តសណ្ដោងកុងតឺន័រធុនធំបេីកបុកបាក់ធ្លាក់សង្កត់លេីរថយន្ត LAND CRUISER កាលពីម៉ោងជាង៩យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥កន្លងទៅ មិនទាន់ឃេីញជួសជុលដាក់ថ្មីឡេីងវិញនៅឡេីយទេ ទេីបបានជារថយន្តដឹកទំនិញខ្ពស់ជាងបារ៉ាស់កំណត់កម្ពស់ឆ្លងកាត់ស្ពាន អាចបេីកឡេីងស្ពានបានមកទេីសនៅចុងស្ពានម្ខាងទៀតបែបនេះ តេីការជួសជុលសម្ភារៈ ថែរក្សាស្ពាននេះ ចំណាយពេលយូរប៉ុណ្ណា បានជាទុកចោលរហូតដល់លេីសកន្លះខែហេីយមិនទាន់ឃេីញផ្នែកជំនាញពាក់ព័ន្ធជួសជុលឡេីងវិញ? ឬការងារប៉ុណ្ណឹង រងចាំថ្នាក់ដឹកនាំជាន់ខ្ពស់សម្រេចទេីបអាចជួសជុលបាន៕





 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									