ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា គ្រប់ជើងហោះហើរទាំងអស់ ចូលកម្ពុជា ត្រូវតែធ្វើចត្តាឡីស័ក បង្ការការនាំចូលកូវីដ១៩

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងអះអាងនៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ឱ្យដឹងថា គ្រប់ជើងហោះហើរទាំងអស់ ចូលក្នុងប្រទេសកម្ពុជា ចាំបាច់តែធ្វើចត្តាឡីស័កទាំងអស់ ដើម្បីបង្ការការនាំចូលមេរោគកូវីដ១៩។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា “វិធានការចត្តាឡីស័កនេះ ត្រូវធ្វើចាំបាច់ដើម្បីការពារការនាំចូលវីរុសកូវីដ១៩”។ 

តបទៅនឹងសំណួរដែលសួរថា ការធ្វើចត្តាឡីស័កនេះ សម្រាប់អ្នកធ្វើដំណើរតាមជើងហោះហើរ ពីកូរ៉េខាងត្បូងនោះ លោកស្រី បញ្ជាក់ថា “ការវាយតម្លៃបែបណានោះ អាស្រ័យលើការពិនិត្យរបស់ក្រុមការងារ នៅតាមច្រកទ្វារអន្តរជាតិ”។

លោកស្រី ឱ វណ្ណឌីន បន្ថែមថា “(ខ្ញុំ)សូមបញ្ជាក់ជូនសារជាថ្មីថា  មកទល់ថ្ងៃនេះ  ក្រសួងសុខាភិបាលកម្ពុជា   មិនទាន់រកឃើញមានករណីចម្លងវីរុសកូវីដ-១៩  ថ្មីនោះទេ ។   អាស្រ័យហេតុនេះ  សូមសាធារណជនទាំងអស់  មេត្តាជ្រាបជាព័ត៌មាន  ហើយចូលរួមបន្តការពារខ្លួនកុំមានការឆ្លងវីរុសនេះ  ប្រសិនបើមានព័ត៌មាន  ឫមានបញ្ហាសុខភាព  សូមទាក់ទងទៅលេខ  ១១៥  ឫទៅស្វែងរកការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក”។  

ដោយៈសយ សុធីតា

To Top