ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចាប់ផ្តើមធ្វើជំរឿនមន្ត្រីដំបូងគេ

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះ ទីស្តីការក្រសួងមុខងារសាធារណៈ។

ការធ្វើជំរឿន នាថ្ងៃនេះ ទទួលបានការអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅក្រសួងមុខងារសាធារណៈដំបូងគេ។

ការធ្វើជំរឿននាពេលនេះ មានការចូលរួមអង្កេតការណ៍ពីតំណាងក្រសួង ស្ថាប័ន និងអ្នកសារព័ត៌មានជាច្រើនរូប ក្នុងគោលបំណងតាមដានការអនុវត្ត និងនីតិវិធីនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង។

លើសពីនេះ សម្រាប់ក្រសួង ស្ថាប័នដែលបានចូលរួមសង្កេតការណ៍នាពេលនេះ គឺដើម្បីធ្វើការឈ្វេងយល់នូវការអនុវត្តជាក់ស្តែងនៃការធ្វើជំរឿនជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួង ស្ថាប័នរបស់ខ្លួន ឱ្យបានប្រព្រឹត្តទៅរលូន និងទាន់ពេលវេលា។

សូមជម្រាបថា ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:៣០នាទី ទៅតាមទីតាំងដែលបានកំណត់ រួមមាន៖ (១)ទីស្តីការក្រសួងមុខងារសាធារណៈ រៀបចំនៅបន្ទប់ជាន់ផ្ទាល់ដី និងបន្ទប់ផ្ការំដួល នៃអគារ “ក” សម្រាប់ថ្នាក់ដឹកនាំក្រសួង អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ អគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងអង្គភាពលទ្ធកម្ម និង (២)សាលាភូមិន្ទរដ្ឋបាល រៀបចំនៅសហសាល នៃសាលាភូមិន្ទរដ្ឋបាល សម្រាប់អគ្គនាយកដ្ឋាន គោលនយោបាយមុខងារសាធារណៈ អគ្គាធិការដ្ឋាន អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល៕

To Top