ប្រទេសចិន ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីជប៉ុន លើតៃវ៉ាន់
ប៉េកាំង៖ ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការកត់សម្គាល់ខុសឆ្គងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ទាក់ទងនឹងតៃវ៉ាន់ ហើយបានដាក់ពាក្យបណ្តឹងយ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រទេសជប៉ុន នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅទីក្រុងប៉េកាំង។
អ្នកនាំពាក្យចិនលោក Lin Jian បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយឆ្លើយតបទៅនឹងរបាយការណ៍ស្តីពីការកត់សម្គាល់ថ្មីៗរបស់លោកស្រី Takaichi ថាការវាយប្រហាររបស់ចិនលើតៃវ៉ាន់អាចជា “ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត” សម្រាប់ប្រទេសជប៉ុន ដែលធានានូវការអនុវត្តសិទ្ធិការពារខ្លួនរួមគ្នា។
រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹងយ៉ាងម៉ឺងម៉ាត់ជាមួយប្រទេសចិន ទាក់ទងនឹងការគំរាមកំហែងដោយហិង្សាដែលធ្វើឡើងដោយអ្នកការទូតចិនម្នាក់ ចំពោះការលើកឡើងថ្មីៗរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi អំពីការចូលរួមដែលអាចកើតមានរបស់ប្រទេសលោកស្រី នៅក្នុងគ្រាអាសន្នរបស់កោះតៃវ៉ាន់។
យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន ការបង្ហោះសារ X ដោយអគ្គកុងស៊ុលចិនប្រចាំទីក្រុង Osaka លោក Xue Jian កាលពីថ្ងៃសៅរ៍បានគំរាមកំហែងថានឹង “កាត់កដ៏កខ្វក់មួយដោយមិនស្ទាក់ស្ទើរ” ខណៈពេលដែលដកស្រង់អត្ថបទព័ត៌មាន ស្តីពីការលើកឡើងរបស់លោកស្រី Takaichi នៅក្នុងសភា។ ការបង្ហោះនោះបានឲ្យដឹងថា “តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ?”។
អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃចន្ទថា “យើងត្រូវតែនិយាយថា ការបង្ហោះនេះមិនសមរម្យខ្លាំងណាស់ សម្រាប់ប្រធានបេសកកម្មការទូតចិន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ខណៈពេលដែលកត់សម្គាល់ថា ចេតនានៃសារនេះមិនច្បាស់លាស់ លេខាធិការគណៈរដ្ឋមន្ត្រីក៏បានឲ្យដឹងផងដែរថា ក្រសួងការបរទេសជប៉ុន និងស្ថានទូតជប៉ុនប្រចាំប្រទេសចិន បានដាក់ពាក្យបណ្តឹង និងទាមទារឱ្យលុបការបង្ហោះនោះចេញយ៉ាងឆាប់រហ័ស។ វិធានការមួយចំនួនត្រូវបានធ្វើឡើងនៅយប់ថ្ងៃអាទិត្យ។
ការផ្ទុះឡើងនេះបានកើតឡើងបន្ទាប់ពីលោកស្រី Takaichi បានប្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃសុក្រសប្ដាហ៍ថា ការវាយប្រហារដោយយោធារបស់ចិន លើតៃវ៉ាន់អាចជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន ដែលអាចអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការការពារខ្លួនរួមគ្នា។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទ ក្រសួងការបរទេសចិនបានការពារមតិយោបល់នៅលើបណ្តាញសង្គមរបស់លោកដោយថា ប្រទេសជប៉ុន «បានធ្វើការកត់សម្គាល់ខុសឆ្គង និងគ្រោះថ្នាក់ដោយបើកចំហ» ដែលបានបង្ហាញពីលទ្ធភាពនៃការជ្រៀតជ្រែកយោធានៅក្នុងច្រកសមុទ្រតៃវ៉ាន់៕
ប្រែសម្រួល ឈូក បូរ៉ា
