មន្ទីរអភិវឌ្ឍន៍ជនបទ ប្រគល់ភារកិច្ចជូនអាជ្ញាធរភូមិឃុំនិងស្រុកកែវសីមា ដើម្បីទប់ស្កាត់រថយន្តដឹកលើសទំងន់
មណ្ឌលគិរីៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានប្រគល់ភារកិច្ចជូនអាជ្ញាធរមូលដ្ឋាន ដែលរួមមានថ្នាក់ភូមិ ឃុំស្រែខ្ទុមនិងឃុំស្រែព្រះ និងស្រុកកែវសីមា ដើម្បីចាត់ការទប់ស្កាត់ជាបន្ទាន់នូវរថយន្តដឹកលើសទំងន់កំណត់លើស្ពាន ផ្លូវជនបទស្ថិតក្នុងឃុំស្រែខ្ទុម ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១១វិច្ឆិកានេះ។

លោកធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ក្រោយមានសេចក្តីរាយការថាមានរថយន្តធន់ធំដឹកលើសទំងន់លើផ្លូវជនបទមួយនេះ ក៏បានដឹកនាំមន្ត្រីជំនាញមានសមាសភាព លោក កឹង ឈាន អនុប្រធានមន្ទីរ លោក សួង សំណាង ប្រធានការិយាល័យផ្លូវជនបទ សហការណ៍ជាមួយ លោក មី សុីណាត អភិបាលរងស្រុកកែវសីមា លោកមេឃុំស្រែព្រះ មេឃុំស្រែខ្ទុម នឹងកម្លាំងមានសមត្ថកិច្ច
-ចុះពិនិត្យស្ថានភាពស្ពាន និងផ្លូវជនបទ(ចាប់ពីផ្លូវបំបែកលេខ៧៦ ចូលទៅសាលាឃុំស្រែព្រះ ប្រវែង ៨ ៧០០ម៉ែត្រ និងស្ពានបេតុងអូរង៉ានប្រវែង ២១ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលមានរថយន្តដឹកទំនិញលេីសកំរិតទំងន់កំណត់កន្លងមក។

បន្ទាប់ពីចុះពិនិត្យស្ពាននិងទីតាំងប្រមូលទិញដំឡូងមីរួច មន្ទីរបានប្រគល់ភារកិច្ច ជូនអាជ្ញាធរភូមិ ឃុំ និងស្រុក ដើម្បីទប់ស្កាត់រថយន្តដឹកលើសទំងន់កំណត់លើស្ពាន ផ្លូវជនបទស្ថិតនៅក្នុងឃុំស្រែខ្ទុម នឹងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបញ្ជាក់ថា ស្ពានអូរង៉ាន នៅមានសភាពដូចដើមនៅឡើយ លោកថាអ្នកប្រើប្រាស់ត្រូវតែគោរពតាមផ្លាកសញ្ញាលើក្បាលស្ពាន ចំណុះ15តោន។
អភិបាលស្រុកកែវសីមា លោកសាន គឹមអ៊ាប ក្នុងករណីមានរថយន្តដឹកលើសទំងន់ នេះ ហាក់មិនចង់អត្ថាធិប្បាយអ្វី បានត្រឹមតបជាសំណេរជាមួយអ្នកសារព័ត៌មានថា “ខ្ញុំ បានចាត់លេខា “។

គួររំលឹកថា មុនការចុះពិនិត្យគុណភាពស្ពាននិងផ្លូវ របស់មន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋាននេះ ឈ្មួញទិញដំឡូងដែលកំពុងដំណើរការជញ្ជីងរបស់គេចំណុចព្រៃខ្មោច ស្ថិតក្នុងភូមិអូររណា នោះ បានប្រើរថយន្តវេអង ចំណុះជាង៨០តោន បើកសង្កត់លើស្ពាននិងផ្លូវ បង្កើតជាមតិរិះគន់ថាបណ្តែតបណ្តោយ មិនខ្លាចខូចផ្លូវនិងស្ពាន នោះទៀតផង។
ករណីដដែលនេះ ពលរដ្ឋសង្ឃឹមថា រដ្ឋបាលឃុំនិងស្រុកកែវសីមា និងទទួលយកភារកិច្ចទប់ស្កាត់រថយន្តដឹកលើសទំងន់ ដែលមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរីប្រគល់ជូន បានខ្ជាប់ខ្ជួន៕
ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
