ព័ត៌មានជាតិ

រាជរដ្ឋាភិបាល គាំទ្រកិច្ចខិតខំប្រឹងប្រែង របស់សមាគម ជប៉ុន-កម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមជប៉ុន-កម្ពុជា ។

ក្នុងជំនួបពិភាក្សា ជាមួយលោកតាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា សម្តេចធិប វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់សមាគម ជប៉ុន-កម្ពុជា ដែលតែងតែសម្របសម្រួល ដំណើរទស្សនកិច្ច របស់សមាជិកសមាគម ដែលធ្វើធុរកិច្ចក្នុងវិស័យនានា មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងការចូលរួមផ្សព្វផ្សាយ ព័ត៌មានល្អៗអំពីកម្ពុជា និងការបង្ហាញជូនធុរជនជប៉ុនអំពីកាលានុវត្តភាព និងគោលនយោបាយទាក់ទាញ ការវិនិយោគរបស់កម្ពុជា នាពេលកន្លងមក។

សម្ដេចបវរធិបតី បានសង្កត់ធ្ងន់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាផែនការដែលសមាគមជប៉ុន-កម្ពុជា បានរៀបចំ និងដាក់ឱ្យអនុវត្ត ។ ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតី បានបញ្ជាក់ទៅប្រធានសមាគម និងគណៈប្រតិភូធុរជនថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសម្របសម្រួលដល់ការរៀបចំ និងអនុវត្តផែនការធុរកិច្ច និងវិនិយោគរបស់សមាគមនៅកម្ពុជា។

ទន្ទឹមនឹងនេះ ដើម្បីធានាដំណើរការនៃការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាព និងធានាបាននូវការរីកចម្រើនរបស់ក្រុមហ៊ុន និងសហគ្រាសរបស់ជប៉ុន និយាយដោយឡែក ក៏ដូចជាការរីកចម្រើនប្រទេសកម្ពុជា និយាយជារួម, សម្ដេចបវរធិបតី បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយសមាគមជប៉ុន-កម្ពុជា ដើម្បីសម្រេចបាននូវសកម្មភាពជាក់ស្តែង។

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា ចូលរួមសិក្សានិងស្វែងយល់បន្ថែមលើការបង្កើត តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុន និងសហគ្រាសជប៉ុន ជាពិសេស សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន នាពេលអនាគត៕

To Top