លោក ខូយ រីដា អញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាង់សង់គម្រោងវារីអគ្គីសនីស្ទឹងមេទឹក អនុភាព១៥០មេហ្គាវ៉ាត់
ពោធិ៍សាត់៖នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន អញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធ រួមនិងអាជ្ញាធរស្រុកវាលវែង ចុះពិនិត្យការដ្ឋានសាងសង់ គម្រោងទំនប់វារី អគ្គីសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ។

គួរជម្រាបជូនដែរថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក មានអនុភាព១៥០មេហ្គាវ៉ាត់ ប្រើទុនវិនិយោគប្រមាណ៤០០លានដុល្លារ ដោយ
ក្រុមហ៊ុនស្ទឹងមេទឹក ហាយដូផៅវ័រ មានទីតាំងស្ថិតក្នុងភូមិសាស្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ គឺមានទំនប់វារីអគ្គិសនីចំនួន៣រួមបញ្ជូលគ្នា ដោយទំនប់វារីអគ្គិសនីទី១មានអនុភាព ៥៧មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយទំនប់វារីអគ្គិសនីទី២មានអនុភាព ៥៣មេហ្គាវ៉ាត់ និងទំនប់វារីអគ្គិសនីទី៣មានអនុភាព ៤០មេហ្គាវ៉ាត់គឺស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹក នេះ ក៏មានអាងស្តុបទឹកចំនួន៣ផងដែរនៅតាមទំនប់វារីអគ្គិសនី ទាំង៣ ដែលគ្រប់ដណ្តប់លើផ្ទៃដីទំហំ២៥៧៦ហិកតាក្នុងខេត្តពោធិ៍សាត់ និង៨៧២ហិកតាទៀតក្នុងខេត្តកោះកុង ។

ក្នុងឱកាសនោះ លោក ខូយ រីដា បានមានប្រសាសន៍លើកឡើងថា ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល សមិទ្ធផលតូចធំលើគ្រប់វិស័យ បាននឹងកំពុងលេចវត្តមានជាបន្តបន្ទាប់ ជាក់ស្តែង គម្រោងទំនប់វារីស្ទឹងមេទឹកនេះ ដែលក្រោយពេលស្ថាបនារួចរាល់ នឹងផ្តល់អត្ថប្រយោជន៍ផលិតបានថាមពលអគ្គីសនី ជាទំនប់ជួយកាត់បន្ថយគ្រោះទឹកជំនន់ ហើយក៏មានសក្តានុពលទាក់ទាញទេសចរណ៍ទៅថ្ងៃអនាគត់ផងដែរ ដែលអត្ថប្រយោជន៍ទាំងនេះនឹងចូលរួមចំណែកជួយជម្រុញផ្នែកសេដ្ឋកិច្ចសង្គមជាតិនិងប្រជាជនកម្ពុជា ៕






ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់| ដោយ៖ធឿន/ដើមអម្ពិល
