ព័ត៌មានជាតិ

ក្រសួងបរិស្ថាន រកឃើញរោងចក្រ ​កាត់ដេរមួយកន្លែង ក្នុងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង បានល្មើសច្បាប់បរិស្ថាន

ភ្នំពេញ ៖ ក្រសួងបរិស្ថាន តាមរយៈក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយនិង មន្ទីរបរិស្ថានខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញ រោងចក្រកាត់ដេរ Perfect Vision Fashion (Cambodia) Co., Ltd ស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានដុតកម្ទេចក្រណាត់ និងប្រេងម៉ាស៊ូត លាយជាមួយអុស សម្រាប់ក្នុងឡ និងបានបញ្ចេញផ្សែងខ្មៅ និងក្លិនឈ្ងៀម ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១១ វិច្ឆិកា បានឲ្យដឹងថា ករណីនេះ គឺល្មើសនឹងមាត្រា ១៦១ និងមាត្រា ៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ។ លើសពីនេះ រោងចក្រពុំបានរៀបចំរបាយការណ៍ អង្កេតតាមដានបរិស្ថាន ក្នុងរយៈពេល៦ខែម្តង ដូចមានចែងក្នុងកិច្ចសន្យាការពារបរិស្ថាន គឺល្មើសនឹងមាត្រា ៦៩៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ។

ក្រសួងបរិស្ថាន បានដាក់ចេញវិធានការ អនុវត្តចំពោះក្រុមហ៊ុននេះ តម្រូវឲ្យបញ្ឈប់ជាបន្ទាន់ នូវការយក កម្ទេចក្រណាត់ ទៅដុតក្នុងឡ និង តម្រូវឲ្យរៀបចំតបំពង់ផ្សែងឡ ឲ្យបានខ្ពស់ផុតឡើងលើថែមទៀត ដើម្បីកុំផ្សែង ហុយធ្លាក់ ទៅលើលំនៅឋាន ប្រជាពលរដ្ឋទៀត ។ លើសពីនេះ ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន រៀបចំរបាយការណ៍ អង្កេតតាមដានបរិស្ថាន ទៅតាមការកំណត់។ ក្រុមហ៊ុនត្រូវរងពិន័យអន្តរការណ៍ អនុលោមតាមមាត្រា ៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណដល់បណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុន ទាំងឡាយណា បានគោរពច្បាប់បរិស្ថាន ត្រឹមត្រូវ និងអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជា អ្នកសារព័ត៌មាន ដែលបានរាយការណ៍ ពីករណីបំពុលបរិស្ថាននៅកម្ពុជា។

ក្រសួងបរិស្ថាន ក៏បានអំពាវនាវ ឱ្យមានការចូលរួមសាមគ្គីគ្នាបន្តទៀត ដើម្បីទប់ស្កាត់ការបំពុលដី បំពុលទឹក និងលើមេឃ ដើម្បីកម្ពុជាមានភាពស្អាត ប្រជាពលរដ្ឋ និងបរិស្ថានមានសុខភាពល្អ និងកម្ពុជាមានភាពស្អាតលើឆាកអន្តរជាតិ ដែលទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគមកកម្ពុជា កាន់តែច្រើនថែមទៀត៕

To Top