កម្ពុជា-ប្រេស៊ីល ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍
ភ្នំពេញ៖ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជន ច្រើនជាង ២០០លាននាក់ ជាប្រទេសនៅទ្វីបអាមេរិក ខាងត្បូងដំបូងគេ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ ជាមួយកម្ពុជា ។

ដោយទទួលបានសិទ្ធិប្រទាន ក្នុងការចុះអនុស្សរណៈ នៃការយោគយល់គ្នាដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឱកាសដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាត អង្គការទេសចរណ៍សហប្រជាជាតិ លើកទី២៦ (UN Tourism – 26th General Assembly) នៅរាជធានីរីយ៉ាដ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ANA CARLA MACHADO LOPES អនុរដ្ឋមន្ត្រីទេសចរណ៍ ប្រស៊ីល និងជាលេខាធិការ ប្រតិបត្តិអង្គការ ទេសចរណ៍សហប្រជាជាតិ បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីសហប្រតិបត្តិការទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។

តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ទាក់ទាញការវិនិយោគ ក្នុងវិស័យទេសចរណ៍ និងការបង្កើតនូវផលិតផលទេសចរណ៍ ដែលមានតម្លៃបន្ថែម និងទេសចរណ៍បែបបេតិកភណ្ឌ ដល់ទីផ្សារប្រេស៊ីល ដ៏មានសក្តានុពលខ្ពស់ ជាមួយប្រជាជន ជាង២០០លាននាក់ និងពង្រីកការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបន្ថែមទៀត ពីតំបន់ទ្វីបអាមេរិកខាងត្បូង៕
ដោយ៖ ដារាត់| ដើមអម្ពិល







