ខណៈដែលលោក ត្រាំ គំរាមកំហែងដល់អ្នកគ្រប់គ្រង ការលុបចោលជើងហោះហើរ របស់អាមេរិក នឹងបន្ដអូសបន្លាយ សូម្បីតែបន្ទាប់ពីការបិទទ្វារ បានបញ្ចប់ក៏ដោយ
វ៉ាស៊ីនតោន ៖ អ្នកដំណើរតាមផ្លូវអាកាស គួរតែរំពឹងថា នឹងមានការលុបចោល និងការពន្យារពេលកាន់តែអាក្រក់ទៅៗ នៅសប្តាហ៍នេះ ទោះបីជាការបិទទ្វាររបស់រដ្ឋាភិបាលបានបញ្ចប់ក៏ដោយ ខណៈដែលរដ្ឋបាល អាកាសចរណ៍សហព័ន្ធ បានដាក់ចេញ នូវការកាត់បន្ថយជើងហោះហើរកាន់តែច្រើន នៅអាកាសយានដ្ឋានសំខាន់ៗចំនួន ៤០ របស់សហរដ្ឋអាមេរិក ។
នៅថ្ងៃទី៤ នៃការរឹតបន្តឹងជើងហោះហើរបានឃើញ ក្រុមហ៊ុនអាកាសចរណ៍លុប ចោលជើងហោះហើរជាង ២២០០ ជើងនៅថ្ងៃចន្ទ និងជើងហោះហើរជាង ១០០០ ជើងដែលគ្រោងនឹងហោះឡើងនៅថ្ងៃអង្គារ ។ ដោយមិនបានបង់ប្រាក់អស់រយៈពេលជាង ១ខែ អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសមួយចំនួន បានចាប់ផ្តើមឈប់ពីការងារ ដោយលើកឡើងពីភាពតានតឹង និងតម្រូវការក្នុងការ ទទួលយកការងារទីពីរ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមនៅថ្ងៃចន្ទ ដើម្បីដាក់សម្ពាធលើអ្នកគ្រប់គ្រងឱ្យ “ត្រឡប់ទៅធ្វើការវិញឥឡូវនេះ!!!” លោកបានអំពាវនាវឱ្យមានប្រាក់រង្វាន់ចំនួន ១០.០០០ ដុល្លារសម្រាប់អ្នកដែលនៅតែធ្វើការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក Rick Larsen សមាជិកសភាជាន់ខ្ពស់មកពីគណបក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ នៃសភា និងលោកស្រីសមាជិកព្រឹទ្ធសភា Tammy Duckworth សមាជិកជាន់ខ្ពស់ នៃគណៈកម្មាធិការអាកាសចរណ៍នៃព្រឹទ្ធសភា បានថ្កោលទោស ការកត់សម្គាល់របស់លោកប្រធានាធិបតី ដោយថា អ្នកត្រួតពិនិត្យសមនឹងទទួលបានការកោតសរសើរ និងការគាំទ្រ មិនមែនការវាយប្រហារនោះទេ។
សេចក្តីថ្លែងការណ៍របស់លោកស្រី Duckworth បានឲ្យដឹងថា “យើងគួរតែរក្សាអ្នកត្រួតពិនិត្យ ដែលមានបទពិសោធន៍ច្រើន បំផុត របស់យើង មិនមែនបង្កាច់បង្ខូចពួកគេ និងជំរុញពួកគេឱ្យចាកចេញ ពីអាជីពរបស់ពួកគេមុនអាយុនោះទេ” ។ ប្រធានសហជីពអ្នកត្រួតពិនិត្យនិយាយថា សមាជិករបស់ខ្លួន កំពុងត្រូវបានប្រើប្រាស់ជា “កូនអុកនយោបាយ” ក្នុងការតស៊ូ ដើម្បីបិទទ្វារ។
ទន្ទឹមនឹងនេះ ព្រឹទ្ធសភាកំពុង ខិតជិតដល់ការបោះឆ្នោតដើម្បីបញ្ចប់ការបិទទ្វារ ទោះបីជាសេចក្តីព្រាងច្បាប់នេះ ក៏នឹងត្រូវអនុម័តដោយសភា ហើយការអនុម័តចុងក្រោយ អាចចំណាយពេលច្រើនថ្ងៃក៏ដោយ ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Sean Duffy បានបញ្ជាក់យ៉ាងច្បាស់ កាលពីសប្តាហ៍មុនថា ការកាត់បន្ថយជើងហោះហើរ នឹងនៅតែមានរហូតដល់ FAA ឃើញកម្រិតបុគ្គលិក មានស្ថេរភាពនៅកន្លែង ត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់ខ្លួន៕
ប្រែសម្រូល ឈូក បូរ៉ា
