ការចុះហត្ថលេខាលើ «ពិធីសារស្តីពីការដំឡើង កម្រិតកិច្ចព្រមព្រៀង តំបន់ពាណិជ្ជកម្ម សេរីអាស៊ាន-ចិន 3.0» នឹងបង្កើតកាលានុវត្ត ដ៏ទូលំទូលាយ សំរាប់ការអភិវឌ្ឍន៍ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិង ពាណិជ្ជកម្មកម្ពុជា-ចិន
នៅថ្ងៃទី 28 ខែតុលា ឆ្នាំ 2025 ក្រោមសក្ខីភាពរួមគ្នា នៃលោក លី ឈាង នាយករដ្ឋមន្ត្រីចិន និង លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួមជាមួយមេដឹកនាំនៃប្រទេសអាស៊ានដទៃទៀត លោក វ៉ាង វិនតាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងលោក ហ្សាហ្វ្រុល រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និង ឧស្សាហកម្មម៉ាឡេស៊ី ដែលតំណាងឱ្យប្រទេសចិន និងអាស៊ានរៀងៗខ្លួន បានចុះហត្ថលេខា លើពិធីសារ ស្តីពីការដំឡើង កម្រិតកិច្ចព្រមព្រៀង តំបន់ពាណិជ្ជកម្មសេរី អាស៊ាន-ចិន 3.0 (តទៅនេះហៅថាពិធីសារ) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
លើកលែងតែជំពូកផ្នែកច្បាប់ និងជំពូកជាយន្តការ កាដំឡើងកម្រិត នៃពិធីសារនេះ បានគ្របដណ្តប់លើវិស័យសំខាន់ៗ ចំនួន៩ រួមទាំងវិស័យ ដែលមានស្រាប់ដូចជា នីតិវិធីគយ និងការសម្របសម្រួលពាណិជ្ជកម្ម, ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និង នីតិវិធីវាយតម្លៃអនុលោមភាព, អនាម័យនិងវិធានការអនាម័យរុក្ខជាតិ, កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង បច្ចេកទេស។ល។ ក៏ដូចជាវិស័យដែលកំពុងរីកចម្រើន ដែលមានសក្តានុពល សហប្រតិបត្តិការសំខាន់ៗដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ការប្រកួតប្រជែងនិងការការពារ អ្នកប្រើប្រាស់ សហគ្រាសធុនតូច និងមធ្យម។ល ។
ការចុះហត្ថលេខាលើពិធីសារនេះ មានសារៈសំខាន់យ៉ាងជ្រាលជ្រៅ និង ទូលំទូលាយ ។
ការចុះហត្ថលេខាលើពិធីសារនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងចិន-អាស៊ាន ដែលសម្គាល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដែលមានគុណភាពខ្ពស់ និងស្តង់ដារខ្ពស់សម្រាប់តំបន់ពាណិជ្ជកម្ម សេរីធំបំផុតមួយរបស់ពិភពលោក ។ សារៈសំខាន់យ៉ាងជ្រាលជ្រៅ របស់វាមានដូចខាងក្រោម៖
ចំណុចទីមួយ វាបានបង្កើតស្ថានភាពថ្មី នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ បើប្រៀបធៀបទៅនឹងពិធីសារមុន ពិធីសារច្បាប់ថ្មីនេះបានលើស ពីការកាត់បន្ថយ និងលើកលែង ពន្ធគយបែបប្រពៃណី ហើយមានទស្សនវិស័យឆ្ងាយ ដោយផ្តោតទៅលើវិស័យទំនើបៗដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ។ តាមរយៈការបង្កើតច្បាប់ និងស្តង់ដារកម្រិតខ្ពស់ វាពង្រីកយ៉ាងខ្លាំងនូវវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការ ហើយនឹងបង្កើតទីផ្សាររួមមួយក្នុងតំបន់ដែលកាន់តែមានភាពធន់ ថែមទាំងមានភាពទំនើប និងរឹតតែមានចីរភាពជាងមុន ហើយចាក់បញ្ចូលកម្លាំង សន្ទុះថ្មីដ៏រឹងមាំ និងយូរអង្វែងទៅក្នុងកំណើនសេដ្ឋកិច្ច ក្នុងតំបន់ក្នុងយុគសម័យ ក្រោយជំងឺរាតត្បាត ។
ចំណុចទីពីរ វាពង្រឹង និងបង្កើនភាពជា ដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន ។ ពិធីសារនេះមិនត្រឹមតែធ្វើឱ្យទំនាក់ ទំនងសេដ្ឋកិច្ចដែលពឹងពាក់គ្នា ទៅវិញ ទៅមក កាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចេញសញ្ញាដ៏រឹងមាំ មួយអំពីការរួមគ្នាគាំទ្រពហុភាគី និយម និងពាណិជ្ជកម្មសេរី ទៅកាន់ពិភពលោកផងដែរ ក្នុងកាលៈទេសៈដែលមានភាព មិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយកាន់តែកើនឡើង និងការងើបឡើងនៃការគាំពារនិយម។ វាបង្ហាញពីការតាំងចិត្ត និងប្រាជ្ញារបស់ប្រទេសក្នុងតំបន់ក្នុងការយកឈ្នះលើការជ្រៀតជ្រែកពីខាងក្រៅ ដើម្បីរួមគ្នាកាន់កាប់វាសនាអភិវឌ្ឍរបស់ខ្លួន ដែលធ្វើឱ្យ “ថ្មរឹងមាំ” នៃទំនាក់ទំនងចិន-អាស៊ានកាន់តែរឹងមាំ ។
ចំណុចទីបី វានាំមកនូវអត្ថប្រយោជន៍ ជាក់ស្តែងដល់ប្រជាជន និងសហគ្រាសរបស់ភាគីទាំងពីរ។ ការចុះហត្ថលេខាលើពិធីសារនេះ នឹងកាត់បន្ថយរបាំងមិនមែនពន្ធបន្ថែមទៀត ធ្វើឪ្យប្រសើរឡើងនូវបរិស្ថានពាណិជ្ជកម្ម និងលើកកម្ពស់យ៉ាងខ្លាំងដល់វិបុលភាព នៃឧស្សាហកម្មដែលកំពុងរីកចម្រើនដូចជាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ការទូទាត់ឌីជីថល និងបច្ចេកវិទ្យាបៃតង ។ ទាំងនេះនឹងបង្កើតកាលានុវត្ត រវាងសហគ្រាសធុនតូច-មធ្យម និងវិនិយោគិនក្នុងការអនុញ្ញាត ចូលទីផ្សារ និងឱកាសវិនិយោគដែលមិនធ្លាប់មានពីមុនមក ទន្ទឹមគ្នានេះនឹងផ្តល់នូវទំនិញ និងសេវាកម្មអោយកាន់តែមានភាពសម្បូរបែប គុណភាពខ្ពស់ និងភាពងាយស្រួលជាងមុនដល់អតិថិជន ដើម្បីបង្កើនអារម្មណ៍ទទួលបានផល ប្រយោជន៍ ពិតជាក់ស្តែង របស់មនុស្សនិង ចែករំលែកផ្លែផ្កាគ្នាពីការអភិវឌ្ឍ ប្រកបដោយវិបុលភាពក្នុងតំបន់ ។
ចំណុចទីបួន កំណត់ស្តង់ដារថ្មី សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងតំបន់ និងសូម្បីតែពិភពលោក ។ ធ្វើជាគំរូនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសនៅភាគខាងត្បូងសកលលោក តាមរយៈការចរចាចំពោះពិធីសារ ប្រទេសចិន និងអាស៊ាន បានរួមគ្នាស្វែងយល់ និងបង្កើតបទប្បញ្ញត្តិពាណិជ្ជកម្ម និងវិនិយោគ ដែលប្រឈម នឹងពេលអនាគត ។ ការអនុវត្តដ៏ជោគជ័យនេះ មិនត្រឹមតែផ្តល់ នូវគំរូដែលអាចចម្លង បានសម្រាប់ការពង្រឹង កិច្ចសហប្រតិបត្តិការ នៅក្នុងភាគខាងត្បូង សកលលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ “ដំណោះស្រាយនៃទ្វីបអាស៊ី” និង “ប្រាជ្ញាទិសបូព៌ា” ដ៏សំខាន់ក្នុងការជំរុញកសាង ប្រព័ន្ធសេដ្ឋកិច្ចសកលលោក ដែលបើកចំហ យោគយល់គ្នា និងមានភាពអនុគ្រោះទូទៅ ក្នុងរលក នៃសកលភាវូបនីយកម្ម។
ការចុះហត្ថលេខាលើពិធីសារនេះ នឹងបង្កើតកាលានុវត្តអភិវឌ្ឍន៍ បន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងកម្ពុជា ។
ការចុះហត្ថលេខាលើពិធីសារនេះ បានចាក់បញ្ចូលនូវកម្លាំងជំរុញថ្មី ដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍ ប្រកបដោយមានគុណភាពខ្ពស់ ហើយនឹងបង្កើតកាលានុវត្ត ជាប្រព័ន្ធសម្រាប់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងកម្ពុជា ក្នុងវិស័យមានភាពជឿនលឿនជាច្រើន។
ជាថ្មីម្តងទៀត ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល សក្ដានុពលនៃកិច្ចសហប្រតិបត្តិការនឹងត្រូវបានបញ្ចេញយ៉ាងពេញលេញ ដែលមិនធ្លាប់មានពីមុនមក។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសេដ្ឋកិច្ចឌីជីថលជាចលករថ្មី សម្រាប់កំណើនសេដ្ឋកិច្ច ហើយបទប្បញ្ញត្តិរួម និងវិធានការសម្របសម្រួលផ្នែកពាណិជ្ជកម្មឌីជីថល ការឆ្លងកាត់គយគ្មានក្រដាស និងពាណិជ្ជកម្មអេឡិចត្រូនិកនានានៃពិធីសារ នឹងជួយបើក«ផ្លូវលឿន» សម្រាប់ផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ របស់កម្ពុជា ដូចជាចេក និងស្វាយជាដើម ដើម្បីនាំចេញទៅក្នុងទីផ្សារ ប្រទេសចិន ប្រកបដោយប្រសិទ្ធភាព តាមរយៈការផ្សាយផ្ទាល់ពាណិជ្ជកម្មអេឡិចត្រូនិក និងវេទិកាឆ្លងដែន។ ទន្ទឹមនឹងនេះ វាក៏អាចផ្តល់នូវការធានាខាងប្រព័ន្ធដ៏រឹងមាំ និងទីផ្សារទូលំទូលាយសម្រាប់ក្រុមហ៊ុនចិនដូចជាប្រព័ន្ធទូទាត់ឌីជីថលនាំមុខគេ សេវាកម្មកុំព្យូទ័រលើពពក និង ដំណោះស្រាយទីក្រុងឆ្លាតវៃ មកវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងចូលរួមក្នុងការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការជំរុញឌីជីថល ភាវូបនីយកម្មនៃ ឧស្សាហកម្មរបស់ខ្លួន ។
ជាងនេះទៅទៀត សេដ្ឋកិច្ចបៃតង បានក្លាយជាផ្លូវមាស ដែលនាំមកនូវ ផលប្រយោជន៍ ទៅវិញទៅមកនិង ឈ្នះ-ឈ្នះរូមគ្នាសម្រាប់ភាគីទាំងពីរ ។ ការផ្តោតលើការអភិវឌ្ឍន៍បៃតង ប្រកបដោយនិរន្តរភាពនៃពិធីសារនេះ គឺមានភាពស៊ីសង្វាក់គ្នាយ៉ាង ខ្ពស់ជាមួយនឹងតម្រូវការចាំបាច់នូវផ្នែកថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាសម្រាប់ការ អភិរក្សបរិស្ថាននៃប្រទេសកម្ពុជា។ វានឹងលើកទឹកចិត្ត និងផ្តល់ភាពងាយសម្រួលដល់សហគ្រាសចិនកាន់តែច្រើន អោយនាំមកនូវដើមទុន និងបច្ចេកវិទ្យា ដើម្បីវិនិយោគលើគម្រោងថាមពលស្អាតនៅប្រទេសកម្ពុជា ដូចជា ថាមពលពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី ដើម្បីជួយធ្វើអោយប្រសើរឡើងនូវរចនាសម្ព័ន្ធថាមពលរបស់ប្រទេសកម្ពុជា។ ក្រៅពីនេះ ខ្សែសង្វាក់ឧស្សាហកម្ម យានយន្តអគ្គិសនី យានយន្តថាមពលថ្មី និងគ្រឿងឧបករណ៍សន្សំសំចៃ ថាមពល របស់ប្រទេសចិន ដោយពឹងផ្អែកលើភាពល្អប្រសើរនៃបរិស្ថានពាណិជ្ជកម្ម នឹងចូលទៅកាន់ទីផ្សារប្រទេសកម្ពុជា កាន់តែឆាប់រហ័ស ដើម្បីជួយកម្ពុជា ប្រែក្លាយសម្បត្តិធនធានអេកូឡូស៊ី របស់ខ្លួនអោយមានសមត្ថភាពប្រកួត ប្រជែងបៃតងយ៉ាងពិតប្រាកដ ។
លើសពីនេះទៅទៀត កិច្ចសហការខាងខ្សែ សង្វាក់ផ្គត់ផ្គង់នឹងជំរុញឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ប្រទេសកម្ពុជា។ ពិធីសារនេះបានពង្រឹងភាពធន់ និងការតភ្ជាប់គ្នា នៃខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបានផ្តល់នូវផែនការគោល សម្រាប់ប្រទេសចិននិងកម្ពុជា អំពីការធ្វើអោយប្រសើរឡើងនូវការបែងចែក ការងារក្នុងខ្សែសង្វាក់ឧស្សាហកម្មក្នុងតំបន់។ ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងយកថ្លៃ កម្លាំងពលកម្ម របស់ខ្លួនជាគុណសម្បត្តិ ដើម្បីពង្រីកវិសាលភាពពីប្រទេសនាំ ចេញផលិតផលកសិកម្ម និងវាយនភណ្ឌប្រពៃណី ទៅជាឈានចូលក្នុងវិស័យផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាគ្រឿងបន្លាស់អេឡិចត្រូនិច និង គ្រឿងផ្គុំឧស្សាហកម្ម ធុនស្រាល រួមបញ្ចូលគ្នាកាន់តែជិតស្និទ្ធក្នុង បណ្តាញផលិតកម្មក្នុងតំបន់ ដែលជំរុញដោយប្រទេសចិន សម្រេចបាននូវជំហានដ៏សំខាន់មួយពី «ប្រភពវត្ថុធាតុដើម» ទៅជា «ដៃគូផលិតកម្មទំនើប»។
ជាចុងបញ្ចប់ កាលានុវត្តទាំងនេះនឹងបញ្ចូលគ្នា ទៅជាកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ការកសាងសហគមន៍ វាសនារួមចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ។ តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នា ក្នុងវិស័យទាំងនេះដែលកំពុងរីកចម្រើន ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងកម្ពុជា នឹងលើសពីការបំពេញបន្ថែមគ្នា ទៅវិញទៅមកលើពាណិជ្ជកម្មប្រពៃណី ហើយឈានដល់ដំណាក់ កាលថ្មីមួយ នៃការសម្របសម្រួល ដោយផ្អែកលើបទប្បញ្ញត្តិ និងការរស់នៅជាមួយគ្នា ដោយនវានុវត្តន៍។ ប្រទេសចិនមានបំណង ធ្វើការជាមួយបណ្តាប្រទេសអាស៊ាន រួមទាំងប្រទេសកម្ពុជា ពន្លឿនការបញ្ចប់នីតិវិធីផ្ទៃក្នុងចូលជាធរមានលើពិធីសារ រួមគ្នាជំរុញពិធីសារត្រូវបានដាក់ឱ្យអនុវត្តយ៉ាងឆាប់រហ័ស ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ ៕
