ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យស្ថានភាព ស្ពាន​យោលខ្សែកាប មានសភាពចាស់ទ្រុឌទ្រោម នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យស្ថានភាពស្ពាន វត្តបន្ទាយយួន តភ្ជាប់ពីភូមិបឹងចក ទៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ដែលស្ពាននេះជាប្រភេទស្ពានយោលខ្សែកាប មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលបណ្តាលឱ្យបាក់ស្រុត មិនអាចឆ្លងកាត់បានបន្ត។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់ និងនឹករលឹក ព្រមទាំងពរសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនចំពោះព្រះសង្ឃ និងជូនចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងអស់នៅក្នុងមូលដ្ឋាន។

លោករដ្ឋមន្ដ្រី ក៏បានបន្តជម្រាបជូនអំពីការគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ របស់ប្រជាជនគ្រប់រូបពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាក់ស្តែងពេលនេះ ក្រោយទទួលបានព័ត៌មាន អំពីការលំបាក របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្យា ដែលបណ្តាលមកពីការខូចខាតស្ពាន មិនអាចឆ្លងកាត់បន្តទៀតបាន ទើបលោករដ្ឋមន្ត្រី ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ចុះពិនិត្យស្ថានភាពជាក់ស្ដែងដោយផ្ទាល់ និងរៀបចំសាងសង់ស្ពានថ្មី នាពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណងាយស្រួល ដល់ការការធ្វើដំណើរនិងដឹកជញ្ជូន កសិផលរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និងជួយលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋថែមមួយកម្រិតទៀត៕

To Top