ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ៖ EU ជាដៃគូដ៏រឹងមាំបំផុតរបស់កម្ពុជា ក្នុងការលើកកម្ពស់ឧត្តមសិក្សា

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា សហភាពអឺរ៉ុប គឺជាដៃគូដ៏រឹងមាំបំផុត មួយរបស់កម្ពុជា ក្នុងការលើកកម្ពស់ឧត្តមសិក្សា ការអភិវឌ្ឍសមត្ថភាព និងនវានុវត្តន៍។

ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា ក្នុងពិធីបើកសម្ពោធកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជន នៃប្រទេសកម្ពុជា និងអឺរ៉ុប នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែលជាផ្នែកមួយនៃ ពិព័រណ៍ការសិក្សានៅប្រទេសក្នុងសហភាពអឺរ៉ុប លើកទី៤ (Study in Europe Fair) សម្រាប់សិស្សនិស្សិតកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមទាំងអស់ ជាពិសេសដៃគូកិត្តិយសមកពីទ្វីបអឺរ៉ុប បានចូលរួមក្នុងកិច្ចសន្ទនានេះ ដើម្បីពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការអប់រំ និងស្រាវជ្រាវជាមួយប្រទេសកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ចំពោះការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ និងបានគាំទ្រយ៉ាងសកម្មក្នុងការកែទម្រង់វិស័យអប់រំនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «សហភាពអឺរ៉ុប គឺជាដៃគូដ៏រឹងមាំបំផុតមួយរបស់កម្ពុជា ក្នុងការលើកកម្ពស់ឧត្តមសិក្សា ការអភិវឌ្ឍសមត្ថភាព និងនវានុវត្តន៍ ហើយកិច្ចសន្ទនានេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតនៅក្នុងភាពជាដៃគូដែលកំពុងរីកចម្រើនរបស់យើង ដែលមានមូលដ្ឋានយ៉ាងរឹងមាំលើគោលការណ៍រួមនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការអប់រំ និងកម្មវិធីផ្លាស់ប្ដូរនានា»។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានកំណត់ ការអប់រំ STEM ជាអាទិភាព ដោយវិនិយោគលើមូលដ្ឋានគ្រឹះចំណេះដឹងកម្រិតខ្ពស់សម្រាប់មនុស្សជំនាន់ក្រោយ ដែលមានសារៈសំខាន់ជាពិសេសក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត (AI) ដែលទាមទារឱ្យយើងពង្រឹងទាំងផ្នែកវិទ្យាសាស្ត្រ (STEM) និងសមត្ថភាពគិតពិចារណា (ទស្សនវិជ្ជា)។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ក្នុងការបណ្តុះបណ្តាលនិស្សិត និងអ្នកវិទ្យាសាស្ត្រកម្ពុជាតាមរយៈកម្មវិធីនានា ដូចជា Erasmus+ ជាដើម។ ក្នុងបរិបទនេះ ការគាំទ្ររបស់សហភាពអឺរ៉ុប ក្រោមជំនួយឧបត្ថម្ភថ្មីចំនួនពីរ ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបដល់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រោមកម្មវិធី Erasmus+ Capacity Building in Higher Education (CBHE) គឺស្របគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងចក្ខុវិស័យជាតិរបស់កម្ពុជា ដោយជំនួយឧបត្ថម្ភទាំងនេះ នឹងជួយបង្កើនសមត្ថភាពស្ថាប័ន ការអភិវឌ្ឍកម្មវិធីសិក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត ដែលជួយគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សារបស់យើងដើម្បីបំពេញតម្រូវការនៃសេដ្ឋកិច្ចសតវត្សរ៍ទី ២១៕

To Top