ព័ត៌មានជាតិ

ប្រធានអាស៊ាន ជជែកជាមួយនាយករដ្ឋមន្រ្តី កម្ពុជា-ថៃ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពចុងក្រោយបំផុត នៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព

ភ្នំពេញ៖ លោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានហៅទូរស័ព្ទមកកាន់ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពចុងក្រោយបំផុត នៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព បន្ទាប់ពីឧបទ្ទវហេតុថ្មីៗនេះនៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ។

នៅលើបណ្ដាញសង្គមនៅរាត្រីថ្ងៃទី១៣ វិច្ឆិកា ២០២៥ លោក Anwa បានឱ្យដឹងថា លោក បានជជែកជាមួយ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទិន ចាន់វីរៈគុល ដើម្បីពិភាក្សាអំពីវឌ្ឍនភាពចុងក្រោយបំផុតនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព បន្ទាប់ពីឧបទ្ទវហេតុថ្មីៗនេះនៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ។

លោក Anwa បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំទាំងពីរ បានផ្តល់មតិយោបល់វិជ្ជមាន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគាត់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមការយល់ដឹងដែលបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងសន្តិភាពក្រុងកូឡាឡាំពួរ។

លោក Anwa បានរំឭកឡើងវិញនូវជំហររបស់ម៉ាឡេស៊ីថា មិត្តភាព និងបទឈប់បាញ់រវាងប្រទេសទាំងពីរត្រូវតែត្រូវបានពង្រឹងបន្ថែមទៀត ស្របតាមកិច្ចព្រមព្រៀងដែលបានសម្រេចនៅក្រុងកូឡាឡាំពួរកាលពីខែមុន។ លោក Anwa ក៏បានបង្ហាញពីការត្រៀមខ្លួន របស់ម៉ាឡេស៊ីក្នុងការបន្តដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការគូសវាសនាផ្លូវឆ្ពោះទៅរកសន្តិភាពនេះ។

លោកបញ្ជាក់ថា «នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ី និងទំនួលខុសត្រូវដែលយើងទទួលយកមិនត្រឹមតែក្នុងនាមជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្តភក្តិ និងអ្នកជិតខាងជិតស្និទ្ធដែលប្តេជ្ញាចិត្តចំពោះសន្តិភាពក្នុងតំបន់ផងដែរ»។

លោក Anwa សំណូមពរប្រទេសទាំងពីរ (កម្ពុជា-ថៃ) បន្តបង្ហាញពីសេចក្តីរឹងមាំ និងភាពក្លាហានដែលត្រូវការដើម្បីស្តារស្ថិរភាពនៅតាមព្រំដែនឡើងវិញ សម្រាប់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ និងសុវត្ថិភាពរបស់ប្រជាជនរបស់ពួកគាត់៕

To Top