ការតាំងពិព័រណ៍ “រស់រាន” ជុំទីមួយ នៅមជ្ឈមណ្ឌលបុប្ផាណាបាន ឈានដល់ការបិទបញ្ចប់ ក្រោយពីបានទាក់ទាញអ្នកទស្សនា ជាង ២ ០០០នាក់
ភ្នំពេញ៖ កាលពីសប្តាហ៍មុនមជ្ឈមណ្ឌលបុប្ផាណា បានប្រកាសការបិទបញ្ចប់ដំណើការ ជុំទីមួយ នៃការតាំងពិព័រណ៍ “រស់រាន” ដែលជាការតាំងពិព័រណ៍ដ៏ធំមួយ របស់សិល្បករខ្មែរ លោក គឹម ហាក់ ប្រឹក្សាយោបល់ផ្ទាល់ជាមួយលោក ប៉ាន់ រិទ្ធី និងរៀបចំពិព័រណ៍ដោយ ម៉ឹង មេត្តា ក្រោមកិច្ចសហការជាមួយមូលនិធិរៃពិព័រណ៍នេះ បានទាក់ទាញអ្នកទស្សនាប្រមាណ ២ ០០០នាក់ ចាប់តាំងពីបើកដំណើរការកាលពីពាក់កណ្តាលខែតុលា។

ដោយឃើញថាសាធារណជន នៅតែបន្តមានចាប់អារម្មណ៍ មជ្ឈមណ្ឌលបុប្ផាណា បានបញ្ជាក់ថាការតាំងពិព័រណ៍នេះនឹងឈានទៅធ្វើការតាំងបង្ហាញបន្ថែមទៀត ដែលជាផ្នែកមួយនៃមហោស្រពរូបថតភ្នំពេញ ដែលនឹងបន្តការបើកទស្សនារូបថត រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយឡែកវត្ថុពិត ដែលតាំងបង្ហាញ នៅក្នុងពិព័រណ៍ “រស់រាន” បច្ចុប្បន្នកំពុងត្រូវបានប្រគល់ ជូនម្ចាស់ដើមវិញ។
ក្នុងរយៈពេលមួយខែចុងក្រោយ ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើន រួមមាន សិស្សានុ សិស្សពីសាលាជាច្រើន សាកលវិទ្យាល័យ ក្រុមគ្រួសារ អង្គការ សហគមន៍ និងជនជាតិខ្មែរដែលវិលត្រឡប់ពីបរទេស។ ក្រុមសិស្សានុសិស្សមកពីសាលាជាច្រើន បានចូលរួមជាមួយ កម្មវិធីអប់រំ ដែលរៀបចំឡើង ដើម្បីជួយដល់ទស្សនិកជន វ័យក្មេងឱ្យភ្ជាប់ទំនាក់ទំនង ជាមួយប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា តាមរយៈការនិទានរឿងដោយរូបភាព។ លោក កែវ ដួង សាស្ត្រាចារ្យប្រវត្តិវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានដឹកនាំនិស្សិត ចំនួនបីថ្នាក់ មកទស្សនាការតាំងពិព័រណ៍នេះ បានចែករំលែកថា និស្សិតមានការឆ្លើយតបជា ខ្លាំងចំពោះបទពិសោធន៍នេះ។
លោកបានថ្លែងថា “ពួកគេពិតជាពេញចិត្តចំពោះវិធីសាស្រ្តច្នៃប្រឌិត ក្នុងការបង្ហាញប្រវត្តិសាស្ត្រ ដែលខុសពីអ្វីដែលពួកគេធ្លាប់ រៀនតាមរយៈ ការអានសៀវភៅ។ និស្សិតជាច្រើនបាន ពិពណ៌នា អំពីរូបថត ដែលធ្វើឱ្យពួកគេមានអារម្មណ៍រំជួលចិត្ត ឬភ្ជាប់ទៅនឹងរឿងរ៉ាវគ្រួសាររបស់ពួកគេផ្ទាល់។ រូបថតបុរស កាន់សំបុត្រចុងក្រោយ ពីម្តាយរបស់គាត់នៅប្រទេសជប៉ុន គឺជារូបដែលមានឥទ្ធិពលជាខ្លាំង ។”

សិល្បករ គឹម ហាក់ បានចែករំលែកការឆ្លុះបញ្ចាំងផ្ទាល់ខ្លួន របស់លោក នៅថ្ងៃបិទបញ្ចប់ការតាំងពិព័រណ៍នេះថា “នេះជាលើកទីមួយហើយនៅ ក្នុងការតាំងពិព័រណ៍ គម្រោងរយៈពេលវែងរបស់ខ្ញុំមានឈ្មោះថា “រស់រាន” ដែលបានដាក់បញ្ចូលកម្រងរូបភាពជម្រើស ដកស្រង់ចេញពីជំពូកទាំងបួនមកបញ្ចូលគ្នាហើយ ត្រូវបានតាំងបង្ហាញនៅមាតុប្រទេស ក្នុងមជ្ឈមណ្ឌលបុប្ផាណា នាទីក្រុងភ្នំពេញ។ ឥឡូវនេះក្រោយរយៈពេល ៥០ឆ្នាំបានកន្លងផុតទៅ តាមរយៈការតាំងពិព័រណ៍នេះ ខ្ញុំសង្ឃឹមថាអ្នកទស្សនាអាចទទួលបានសារ ដែលខ្ញុំបានព្យាយាមបង្ហាញ និងរៀនសូត្រ ថា តើប្រជាជនយើង បាននាំយកវត្ថុទាំងអស់នេះចាកចេញ ពីផ្ទះរបស់ខ្លួន ត្រូវផ្លាស់ទីលំនៅដោយបង្ខំ ឆ្លងកាត់ជំរំពលកម្មបង្ខំ ជំរំជនភៀសខ្លួន ហើយបន្តទៅផ្ទះថ្មី ក៏ដូចជាប្រទេស ថ្មី។ ខ្ញុំសង្ឃឹមថា អ្នកទស្សនាក៏អាចធ្វើស្វ័យ ឆ្លុះបញ្ចាំង និងចោទសួរ ខ្លួនឯងថា “តើពួកគេនឹងយកអ្វីទៅជាមួយ ប្រសិនបើមានផ្ទុះសង្គ្រាម ឡើងនៅក្នុងមាតុភូមិរបស់ខ្លួន?” តាមរយៈការតាំងពិព័រណ៍ “រស់រាន” និងការសម្លឹងមើលទៅពិភពលោកសព្វថ្ងៃនេះ យើងឃើញថា ជម្លោះនិងសង្រ្គាមនៅតែបន្ត កើតមាន ដែលបង្កើតបានជាការផ្លាស់ទីលំនៅជនភៀសខ្លួនថ្មី។ ខ្ញុំពិតជាសង្ឃឹមថា មនុស្សនឹងគិតគូរកាន់តែច្រើនអំពីមនុស្សជាតិ និងការកសាងសន្តិភាព។ នេះជាសាររបស់ខ្ញុំចេញពីការតាំងពិព័រណ៍នេះ។”
បើមើលទៅលើផលប៉ះពាល់ទូលំទូលាយរបស់ពិព័រណ៍ “រស់រាន” វិញ លោក ប៉ាន់ រិទ្ធី ទីប្រឹក្សាក្នុងការរៀបចំពិព័រណ៍ បាន មានប្រសាសន៍ថា “ការតាំងពិព័រណ៍នេះ ពិតជាធ្វើឱ្យសាធារណជន មានចំណាប់អារម្មណ៍ជាច្រើន។ ស្នាដៃរបស់ គឹម ហាក់ បានបំផុសឱ្យមានការកោតសរសើរ និងការគោរព ហើយការប្រើប្រាស់ទីតាំងនៅបុប្ផាណា គឺគួរឱ្យចាប់អារម្មណ៍ ។ លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា បានសម្រេចពន្យារពេលការតាំងពិព័រណ៍នេះ។ ទស្សនិកជនវ័យ ក្មេង និង សិស្សានុសិស្ស នៅមិនទាន់ស៊ាំ ជាមួយ ការស្វែងរកស្នាដៃសិល្បៈនៅឡើយទេ។ អ្នកខ្លះក៏ទើបតែស្គាល់មជ្ឈមណ្ឌលបុប្ផាណា នាពេលនេះដែរ។ ដូច្នេះការសម្រេចចិត្តរបស់ក្រុមការងារ គឺជាការសមហេតុផល ព្រោះយើងត្រូវការប្រើពេលវេលាដើម្បីធ្វើការ ជាមួយសិស្សានុសិស្សក៏ដូចជាអ្នកផ្សេងទៀត។ នេះជាវិធីសាស្រ្ត បែប អប់រំ ដែលអនុញ្ញាតឱ្យមានការស្វែងយល់ថា តើរូបថត និងសិល្បៈជាអ្វី និងក៏ដូចជា ដើម្បីស្គាល់អំពីការចងចាំផងដែរ។ នេះគឺដោយសារតែស្នូលចម្បងនៃស្នាដៃ របស់ គឹម ហាក់ គឺការបញ្ជូនការចងចាំឱ្យទៅមនុស្សជំនាន់ក្រោយ។ បើគ្មានវប្បធម៌ទេ ក៏គ្មានការឆ្លុះបញ្ចាំងអំពី របួសផ្លូវចិត្តរបស់យើង ឬការព្យាបាលរបួសនេះឡើយ។ ខ្ញុំកត់សម្គាល់ឃើញថា នៅតែមានមនុស្សបន្តមកទស្សនា គឺមានទាំងជនជាតិខ្មែរ មកពីអាមេរិកខាងជើង ឬអឺរ៉ុបផងដែរ។
គួរឱ្យសោកស្ដាយ ទស្សនិកជនជាច្រើនមិនចង់កត់ឈ្មោះ ក្នុងបញ្ជីឈ្មោះ អ្នកទស្សនា។ ច្បាស់ណាស់ថា ការភ័យខ្លាចមិនហ៊ានបន្សល់ទុកឈ្មោះ អត្តសញ្ញាណ ឬអាសយដ្ឋាននៅកន្លែងណាមួយ នៅតែជាភាពបន្តការប្រុងប្រយ័ត្នរបស់ពួកគាត់។ នេះក៏ជាទម្រង់នៃរបួសផ្លូវចិត្តផងដែរ ពោលគឺជារបួសមួយ ដែលជម្រុញឱ្យអ្នកទាំងនោះ បន្តស្ងាត់ស្ងៀម។ ត្រង់ចំណុចនេះហើយ ដែលធ្វើឱ្យការងាររបស់យើង នៅពេលនេះមានសារៈសំខាន់។ ពិតណាស់ ខ្ញុំបានសង្កេតឃើញថា មនុស្សចាប់ផ្តើមជជែកគ្នា ក្មេងៗសួរនាំ សំណួរផ្សេងៗហើយ មនុស្សចាស់ៗចាប់ផ្ដើម ចែករំលែក អំពីរឿងនានា ដែលជាហេតុបង្កើតឱ្យមានការចែករំលែកព័ត៌មានគ្នា រវាងមនុស្សពីជំនាន់មួយទៅជំនាន់មួយទៀត។ ប្រសិនបើអាចទៅរួច គួរឱ្យមានការតាំងពិព័រណ៍នេះ បន្តទៅខេត្តបាត់ដំបងនិងខេត្តសៀមរាបទៀត។”
ក្នុងអំឡុងខែតុលា និងខែវិច្ឆិកាទាំងមូលពិព័រណ៍ “រស់រាន” បានប្រមូលផ្តុំជំពូកទាំងបួននៃគម្រោង រយៈពេលមួយទសវត្សរ៍របស់លោក គឹម ហាក់ មករួមបញ្ចូលគ្នា ដោយគម្រោងនេះ បានចងក្រងនូវវត្ថុជាច្រើន ដែលក្រុមគ្រួសារខ្មែរ បានយកជាប់នឹងខ្លួនលាក់ទុក ឬរក្សាទុក ឆ្លងកាត់សម័យសង្រ្គាមការផ្លាស់ទីលំនៅ និងការកសាងឡើងវិញ។ ជារឿយៗអ្នកទស្សនាតែងចំណាយពេលយូរ ដើម្បីទស្សនាវិលមកទស្សនាម្ដងទៀត ឬនាំសាច់ញាតិ មើលការតាំងពិព័រណ៍ដោយមនុស្សជាច្រើន បានពិពណ៌នាថារូបថត និងវត្ថុទាំងនោះ ជាគ្រឿងឱ្យពួកគាត់រំលឹក ដល់ប្រវត្តិគ្រួសាររបស់ពួកគាត់ផ្ទាល់។ ការតាំងពិព័រណ៍នេះបានជម្រុញ ឱ្យមានការសន្ទនារវាងជំនាន់ ដោយអ្នកទស្សនាវ័យ ក្មេង សួរសំណួរ ហើយអ្នកទស្សនាវ័យចំណាស់ បានចែករំលែកការចងចាំ ដែលពួកគេប្រហែលជាមិនធ្លាប់និយាយពីមុនមក។
ការបន្តរយៈពេលការតាំងពិព័រណ៍ “រស់រាន” ក្រោយការ បញ្ចប់រយៈពេលការតាំងពិព័រណ៍ផ្លូវការ ឱ្យដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ជាមួយនឹងមហោស្រពរូបថតភ្នំពេញ នឹងអនុញ្ញាតឱ្យសាធារណជនមានពេលវេលាបន្ថែម ដើម្បីចូលរួមជាមួយទស្សនារូបថតទាំងនេះ។ វគ្គអប់រំ និង កិច្ចដើរទស្សនា អមដោយការបង្ហាញ នឹងបន្តធ្វើឡើងក្នុងអំឡុងរយៈពេលបន្ថែមនេះ៕



