ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា សម្តេចចាត់ទុកកងទ័ពខ្មែរទាំង ១៨នាក់ ដែលទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថាបានធ្វើពលីកម្មយ៉ាងថ្លៃថ្លា ជូនជាតិមាតុភូមិរួចទៅហើយ មានអ្នកខ្លះ ជាពិសេសក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស និងជនជាតិថៃមួយចំនួន បានយកប្រធានបទនេះ មកវាយប្រហារលើសម្តេចតេជោ ថាបានបោះបង់ចោលកងទ័ពទាំង ១៨នាក់នោះទៅហើយ។
គោលដៅរបស់ពួកគេ គឺដើម្បីកេងចំណេញនយោបាយ និងបំបែកសាមគ្គីភាពជាតិខ្មែរ តាមរយៈការដាក់កំហុសលើរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ថាមិនអើពើចំពោះកងទ័ពទាំង ១៨នាក់។
ប៉ុន្តែ សម្រាប់អ្នកយុទ្ធសាស្ត្រ និងអ្នកដែលមានបទពិសោធន៍ ក្នុងបញ្ហាចំណាប់ខ្មាំង ឬអ្នកតាមដានបញ្ហាសង្គមនយោបាយ ពិតជាអាចយល់បានអំពីចិត្តសាស្ត្រ របស់ថ្នាក់ដឹកនាំដែលពោរពេញដោយបទពិសោធន៍ ដូចសម្តេចតេជោ ហ៊ុន សែន។ តើហេតុអ្វីបានជាសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ជាសាធារណៈបែបនេះ នៅក្នុងកាលៈទេសៈនេះ? នេះជាសំណួរសំខាន់ដែលត្រូវស្វែងយល់។ សាររបស់សម្តេចតេជោ ហ៊ុន សែន មិនមែនជារឿងចៃដន្យឡើយ ហើយវាបានបង្កប់អត្ថន័យច្រើនយ៉ាង៖
ទី១៖ សារនេះគឺជាការផ្តល់តម្លៃយ៉ាងធំធេងបំផុត ដល់វីរភាពរបស់កងទ័ពខ្មែរទាំង ១៨នាក់ ដែលទាហានថៃបានចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺមួយថ្ងៃក្រោយពីបទឈប់បាញ់ចូលជាធរមាន។ តម្លៃរបស់វីរកងទ័ពទាំង ១៨នាក់ គឺស្មើនឹងការលះបង់ជីវិត ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ដោយយកជីវិតទៅប្តូរ។ ដូច្នេះ ការប្រកាសថា សម្តេចចាត់ទុកបងប្អូនទាំង ១៨ នាក់ ថាបានធ្វើពលីកម្ម ដើម្បីជាតិរួចទៅហើយ គឺជាការផ្តល់វីរភាពដ៏ថ្លៃថ្លាបំផុត ដល់បងប្អូនទាំងនោះរួចជាស្រេច ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ សូមកុំយល់ច្រឡំរឿងនេះ ថាជាការបោះបង់ចោលឱ្យសោះ។
ទី២៖ ការប្រកាសបែបនេះ គឺជាសារច្បាស់លាស់មួយទៅកាន់ភាគីថៃថា ពួកគេមិនអាចយកចំណាប់ខ្មាំង ទាំង ១៨ នាក់ដើម្បីជាថ្នូរនៃការទាមទារអ្វីហួសហេតុ ជាមួយកម្ពុជាឡើយ ពិសេសគឺថ្នូរជាមួយបញ្ហាទឹកដី ពីព្រោះវីរកងទ័ពខ្មែរទាំងអស់ រាប់ទាំងយោធិនទាំង១៨ នាក់ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃផង សុខចិត្តពលីជីវិតដើម្បីការពារបូរណភាពទឹកដី គឺមិនមែនយកទឹកដីទៅប្តូរ ជាមួយភាពរស់រានមានជីវិតរបស់ខ្លួន តាមការទាមទាររបស់ថៃឡើយ។ ភាគីថៃពិតជាបានទទួលសារយ៉ាងច្បាស់លាស់នេះ ពីថ្នាក់ដឹកនាំកម្ពុជា ពិសេសពីសម្តេចតេជោ ហ៊ុន សែន ដែលថៃតែងកោតញញើត។
ទី៣៖ ការដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសបែបនេះនៅពេលនេះ ពីព្រោះតែសម្តេចតេជោ បានដឹងយ៉ាងច្បាស់ថា កងទ័ពទាំង ១៨ នាក់ មានសុវត្ថិភាពទាំងស្រុងហើយ ពីព្រោះពួកគេស្ថិតនៅក្រោមការតាមដាន និងឃ្លាំមើល ជាប្រចាំពីសំណាក់សហគមន៍អន្តរជាតិ ពិសេសពីសំណាក់អង្គការ កាកបាទក្រហមអន្តរជាតិ ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងពីសំណាក់ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ព្រមទាំងស្ថាប័ន តំបន់ និងអន្តរជាតិពាក់ព័ន្ធផ្សេងៗទៀត និងបណ្តាប្រទេសជាមិត្ត ដូចជាសហរដ្ឋអាម៉េរិក ចិន ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងសហភាពអឺរ៉ុបជាដើម។ និយាយជារួម ថៃ មិនអាចធ្វើអ្វីលើកងទ័ពខ្មែរទាំង ១៨ នាក់បានឡើយ។ ភាពច្បាស់លាស់អំពីបញ្ហានេះកើតឡើង ដោយសារការងារការទូតយ៉ាងសកម្ម របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ក្នុងរយៈពេលចុងក្រោយនេះ ដើម្បីទាញរឿងនេះឱ្យក្លាយជារឿង ដែលអន្តរជាតិចាប់អារម្មណ៍និងតាមដានជាប្រចាំ។ បើគ្មានភាពច្បាស់លាស់អំពីសុវត្ថិភាព របស់បងប្អូនទាំង ១៨ នាក់ទេ តេជោ ហ៊ុន សែន ក៏មិននិយាយពាក្យនេះចេញជាសាធារណៈ នៅពេលនេះដែរ។
ចំណុចទាំងបីដូចបានលើកឡើងខាងដើម គឺជាយុទ្ធសាស្ត្រដ៏ស៊ីជម្រៅមួយ ដើម្បីកាត់បន្ថយឥទ្ធិពលរបស់ថៃ ក្នុងការយកបញ្ហាចំណាប់ខ្មាំងមកតថ្លៃ ជាមួយកម្ពុជាផង ជាការផ្តល់តម្លៃដល់វីរកងទ័ពទាំង ១៨នាក់ផង និងជាពង្រឹងការយកចិត្តទុកដាក់ ពីសំណាក់សហគមន៍អន្តរជាតិ មកលើវីរកងទ័ពខ្មែរ ដែលថៃប្រើល្បិចកលខុសច្បាប់អន្តរជាតិ តាមរយៈការចាប់ខ្លួនកងទ័ពខ្មែរ ដោយប្រើល្បិចចូលមកចាប់ដៃស្វាគមន៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមចងចាំថា ថៃរកលេសគ្រប់បែបយ៉ាង ដើម្បីបន្តការឃុំខ្លួនកងទ័ពខ្មែរទាំង ១៨ នាក់ ក្រោមលក្ខខណ្ឌជាឈ្លើយសឹក ដោយរំពឹងថា ពួកគេអាចយកបញ្ហានេះ ទៅតថ្លៃដាក់សម្ពាធលើកម្ពុជា ដើម្បីទាមទារនូវអ្វីដែលពួកគេចង់បាន។ ប៉ុន្តែ ការពិតត្រូវបានសហគមន៍អន្តរជាតិដឹងលឺអស់ទៅហើយ តាមរយៈការងារការទូតយ៉ាងសកម្មរបស់កម្ពុជា។ ដូច្នេះ ការអូសបន្លាយពេលនៃការឃុំខ្លួន កងទ័ពខ្មែរកាន់តែយូរ ការខូចខាត មុខមាត់របស់ថៃ កាន់តែមានទំហំធំធេង ទៅតាមនោះដែរ ហើយភាគីថៃក៏មិនអាចយកបញ្ហានេះ មកទាមទារ អ្វីពីកម្ពុជាបានដែរ។

សរុបមកវិញ សាររបស់សម្តេចតេជោ ហ៊ុន សែន កំពុងដាក់ថៃឱ្យស្ថិត នៅក្នុងស្ថានភាពមួយដ៏លំបាក នៅក្នុងចំណាត់ការរឿងកងទ័ពខ្មែរទាំង ១៨ នាក់ ពីព្រោះបើដោះលែង រដ្ឋាភិបាលនិងយោធាថៃ អាចរងសម្ពាធខ្លាំងពីប្រជាជនថៃ ពិសេសពីក្រុមជ្រុលនិយម។ ប៉ុន្តែ បើបន្តអូសបន្លាយពេល ថៃនឹងខូចមុខមាត់កាន់តែខ្លាំង នៅលើឆាកអន្តរជាតិ ហើយបន្តរងសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរ ពិសេសពីសំណាក់សហរដ្ឋអាមេរិក ពីព្រោះនៅក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថៃបានសន្យាជាឧឡារឹកថា នឹងដោះលែងកងទ័ពខ្មែរទាំង ១៨ នាក់ដោយគ្មានបង្អែរបង្អង់ឡើយ។
ព្រនង់ទី១ ដែលថៃកំពុងទទួលគឺសម្ពាធ នៃការផ្អាកការចរចាពន្ធបដិការ ពីសំណាក់សហរដ្ឋអាមេរិក។ ព្រនង់ទី២ គឺសហគមន៍អន្តរជាតិ បានមើលឃើញកាន់តែច្បាស់ពីល្បិចខូចរបស់ថៃ ដែលតែងតែបង្កឡើង ដោយខ្លួនឯង ហើយទម្លាក់កំហុសមកលើកម្ពុជា។ ព្រនង់ទី៣ គឺការខូចខាតសេដ្ឋកិច្ចកាន់តែមានសភាពធ្ងន់ធ្ងរ ដែលកើតចេញពីការបិទព្រំដែន ជាមួយកម្ពុជា ពិសេសទឹកជំនន់ដ៏មហន្តរាយ ដែលបានកើតឡើង លើខេត្តភាគខាងត្បូងនៃប្រទេស។
ដូច្នេះ ថៃទំនងជាគ្មានជម្រើសអ្វី ក្រៅពីត្រូវស្តារមុខមាត់របស់ខ្លួន លើឆាកអន្តរជាតិ តាមរយៈការងាកមកគោរព បទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងគោរពសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ក្នុងនោះការដោះលែងវីរកងទ័ពខ្មែរទាំង ១៨ នាក់គឺជារឿងចាំបាច់ ដែលថៃមិនអាចបន្តពន្យារពេលទៀតឡើយ។ នេះហើយជាលទ្ធផលនៃយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម របស់រដ្ឋាភិបាលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និយាយជារួម និងជាយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីដាក់សម្ពាធលើថៃ ឱ្យដោះលែងកងទ័ពខ្មែរទាំង ១៨ នាក់ឱ្យបានឆាប់ ដែលមិនមែនជាការបោះបង់ចោល ដូចមនុស្សមួយចំនួនគិតនោះឡើយ៕
ដោយ វង្ស មករា៖ សាស្ត្រាចារ្យ និងជាអ្នកវិភាគនយោបាយសង្គម


