ប្រធានាធិបតីកោះតៃវ៉ាន់ថា ប្រទេសចិនគួរតែផ្តោតលើសេដ្ឋកិច្ចក្នុងពេលចិនកំពុងលំបាក មិនមែនការពង្រីកទឹកដីនោះទេ
បរទេស៖ សេដ្ឋកិច្ចរបស់ប្រទេសចិនស្ថិតក្នុងផ្លូវអាក្រក់ ហើយប្រធានាធិបតីចិនលោក Xi Jinping គួរតែផ្តោតលើការកែលម្អជីវភាពរស់នៅរបស់ប្រជាជនរបស់គាត់ មិនមែន “ការពង្រីកទឹកដីនោះទេ”, នេះបើតាមប្រធានាធិបតីរបស់កោះតៃវ៉ាន់លោក Lai Ching-te បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Times ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសចិន ដែលចាត់ទុកកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួននោះ បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយប្រឆាំងនឹងកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលរបស់កោះនេះបានបដិសេធការទាមទារទឹកដីរបស់ទីក្រុងប៉េកាំង។
ថ្លែងទៅកាន់កិច្ចប្រជុំកំពូល DealBook របស់កាសែត New York Times លោក Lai Ching-te បាននិយាយថា សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង 7.37% នៅឆ្នាំនេះ “ខណៈពេលដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានប៉ាន់ប្រមាណថា កំណើនរបស់ប្រទេសចិន មានត្រឹមតែលើសពី 4% ប៉ុណ្ណោះ” ។
យោងតាមការចេញផ្សាយដោយការិយាល័យរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា “សេដ្ឋកិច្ចរបស់ប្រទេសចិនពិតជាកំពុងជួបការលំបាក” ។
ប្រធានាធិបតីរបស់កោះតៃវ៉ាន់បានបន្ថែមថា “យើងសង្ឃឹមដោយស្មោះថា នៅពេលដែលប្រទេសចិនប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច នោះប្រធានាធិបតី ចិន លោក Xi Jinping នឹងមិនផ្តោតលើការពង្រីកទឹកដីនោះទេ ប៉ុន្តែគឺផ្តោតទៅលើការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនចិន” ។
លោក Lai បាននិយាយដោយមិនបញ្ជាក់លម្អិតថា៖ «កោះតៃវ៉ាន់មានឆន្ទៈក្នុងការជួយ និងសហការក្នុងការដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ចទាំងនេះ»។ យ៉ាងណាក៏ដោយ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួលៈ ណៃ តុលា
