អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសមត្ថកិច្ចនគរបាល បន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងអនឡាញ សម្រាប់ឆ្នាំ២០២៦
កំពង់ចាម ៖ ក្នុងទិសដៅភារកិច្ចឆ្នាំ ២០២៦ ខាងមុខនេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំឲ្យសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រៀមបន្តប្រតិបត្តិការក្នុងការបង្ក្រាបទល្មើសគ្រឿងញៀន និងល្បីស៊ីសងអនឡាញ ។

ការណែនាំរបស់លោកអភិបាល បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ជាមួយ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ក្នុងសន្និបាតមកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានយកឱកាសនោះថ្លែងកោតសរសើរ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានបំពេញភារកិច្ចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ ២០២៥ កន្លងមក ដោយសមិទ្ធផលទាំងអស់នោះគឺបានមកដោយសារការរួមសាមគ្គីគ្នា ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុវត្តនូវបទបញ្ជា និងគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ ហើយចំពោះ យើងនិងបន្តចំពោះកិច្ចការងារផ្សេងៗបន្ថែមទៀត ដែលមាននៅក្នុងផែនការប្រចាំឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនផងដែរថា ត្រូវធានាការពារដាច់ខាតនូវឍឿនសន្តិសុខជាតិ និងស្ថេរភាពសង្គម កសាងផែនការជាក់ស្ដែង ស្របតាមភូមិសាស្ត្រ ព្រមទាំងប្រមូលព័ត៌មាន ដើម្បីធ្វើការវាយតម្លៃ រាយការណ៍ ទាន់ពេលវេលាជូនថ្នាក់ដឹកនាំ ចាត់ការទប់ស្កាត់ បង្ក្រាប រាល់បទល្មើសនានា ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត៕




អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម| រូបភាពដោយ: គីហ្សូណា
