ព័ត៌មានជាតិ

អភិបាលរាជធានី សម្រេចបង្កើតទីបញ្ជាការស្រាល នៅទីតាំងទទួលអំណោយ Eat More បឹងកក់ ក្នុងការការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់

ភ្នំពេញ៖​ លោក ឃួង ស្រេង អភិបាលធានីភ្នំពេញ នារសៀលថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញទៅពិនិត្យមើលទីតាំង ទទួលអំណោយសប្បុរសធម៌ Eat More នៅតំបន់អភិវឌ្ឍន៌បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាកន្លែងទទួលអំណោយពីសប្បុរសជន ពីគ្រប់ទិសទី​ បន្ទាប់ពីទាហានសៀមឈ្លានពាន បូរណភាពទឹកដីកម្ពុជា ។

ក្នុងការចុះពិនិត្យនេះដែរ ម្ចាស់ទីតាំងខាងលើបានស្នើសុំ រដ្ឋបាលរាជធានីភ្នំពេញ នូវកិច្ចសហការ ខណៈដែលលោក ឃួង ស្រេង បានសម្រេចបង្កើតទីបញ្ជាការស្រាលមួយ នៅក្បែរទីតាំងនោះ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរៀបចំ កន្លែងផ្ញើម៉ូតូ ជូនអ្នកស្ម័គ្រចិត្តមកចូលរួមរៀបចំវេចខ្ចប់ សម្ភារៈ ស្បៀងអាហារ សម្រាប់ដឹកជូនវីរៈកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ។

លោកអភិបាល បានណែនាំ​ ​​ឱ្យអាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ នៅបរិវេណទីតាំងទទួលអំណោយ និងជួយសម្រួល ដល់ទីតាំងចតយានយន្តរបស់សប្បុរសជន តាមរយៈការបង្កើត​ ទីបញ្ជាការស្រាលមួយកន្លែង ដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ជាមួយគ្នានេះ លោកអភិបាល ក៏បានទទួលជួយរថយន្តដឹកជញ្ជូនសំភារៈបរិក្ខា ដែលទទួលបានពីសប្បុរសជន ទៅសមរភូមិជួរមុខ។ ដោយប្រកាន់ខ្ជាប់ពាក្យស្លាក «ពួកយើងនៅទីនេះដើម្បីរៀបចំស្បៀង សំរាប់បងប្អូនភាសសឹក និងវីរៈកងទព័ក្នុងស្មារតីខ្មែរ ជួយខ្មែរ» តាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកឃួង ស្រេង ក៏បានលើកទឹកចិត្ត ដល់ក្រុមយុវជនស្មគ្រ័ចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនសប្បុរសជនទាំងអស់ ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួន រួមចំណែកជួយ ឧបត្ថម្ភដល់វីរៈកងទ័ព នៅសមរភូមិជួរមុខ ការពារទឹកដីពីសត្រូវឈ្លានពាន និងបងប្អូនភៀសសឹកផងដែរ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top