ប្រទេសចិនបញ្ជាក់ថា ខ្លួនមានកិច្ចសហប្រតិបត្តិការយោធាជាមួយទាំងថៃនិងកម្ពុជា ហើយថាកិច្ចសហប្រតិបត្តិការនេះមិនសំដៅទៅប្រទេសទីបីណាមួយឡើយ
បរទេស៖ ប្រទេសចិននៅថ្ងៃពុធបញ្ជាក់ថា ខ្លួនមានកិច្ចសហប្រតិបត្តិការយោធាជាមួយទាំងថៃនិងកម្ពុជា ដោយបដិសេធការជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នាបន្ទាប់ពីទាហានថៃបានរឹបអូសអាវុធផលិតដោយចិនតាមបណ្តោយព្រំដែន។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ថា នៅថ្ងៃទី១៧ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួង។

អ្នកយកព័ត៌មានម្នាក់បានសួរអំពីរបាយការណ៍ដែលអះអាងថា អំឡុងពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ទាហានថៃបានរឹបអូសសម្ភារៈយោធាពីកងកម្លាំងកម្ពុជា រួមទាំងកាំជ្រួចប្រឆាំងរថក្រោះដែលផលិតដោយចិន ហើយអ្វីដែលជាជំហររបស់ចិនចំពោះបញ្ហានេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា ប្រទេសចិនបានរក្សាកិច្ចសហប្រតិបត្តិការការពារជាតិជាធម្មតាជាមួយប្រទេសថៃ និងកម្ពុជានាពេលកន្លងមក។ កិច្ចសហប្រតិបត្តិការនេះមិនសំដៅទៅប្រទេសទីបីណាមួយឡើយ ហើយក៏មិនពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃដែរ៕
ប្រែសម្រួលៈ ណៃ តុលា
