ក្រោមស្មារតីមនុស្សធម៏ ក្នុងបុព្វហេតុជាតិមាតុភូមិ! លោក ម៉េង ស្រ៊ុន ឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០រៀល និងសម្ភារៈមួយចំនួនទៀតជូនដល់ លោក អ៊ុយ ហៀង
កំពង់ស្ពឺ៖ ស្របតាមកាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាដែលជាខឿនការពារជាតិរបស់កម្ពុជា ដោយមានការចង្អុលបង្ហាញតម្រង់ទិស និងយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ជួបសំណេះសំណាលសួរសុខទុក និងនាំយកថវិកាព្រមទាំងសម្ភារៈមួយចំនួនទៀត ប្រគល់ជូនដល់ លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ ស្ថិតនៅបញ្ជាការដ្ឋាន យោធភូមិភាគ៣។


ដោយបានឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០រៀល និងសម្ភារៈមួយចំនួនទៀតរួមមាន៖ ទឹកសុទ្ធ១០០កេស, មីចំនួន១០០កេស,ទឹកត្រីចំនួន៥០យួរ និងទឹកស៊ីអ៊ីវចំនួន៥០យួរផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានសំណេះសំណាលដោយក្តីសោមនស្សរីករាយឥតឧបមា ជាមួយ លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ព្រមទាំងបានសួរអំពីសុខទុក្ខដោយក្តីបារម្ភពីបងប្អូនវីរៈកងទ័ពនៅសមរភូមិមុខ ដែលកំពុងតែបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា។



សកម្មភាពនេះ បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្ម យ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា៕








