លោក ឆាយ ឫទ្ធិសែន អញ្ជើញប្រគល់អំណោយដែលជាការឧបត្ថម្ភរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន័ជនបទ និងសប្បុរសជននានា ដើម្បីយកទៅឧបត្ថម្ភ គាំទ្រដល់វីរកងទ័ពជួរមុខក្នុងខេត្តកោះកុង
រាជធានីភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញប្រគល់អំណោយដែលជាការឧបត្ថម្ភរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន័ជនបទ និងសប្បុរសជននានា ចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខក្នុងខេត្តកោះកុង តតាំងនិងឈ្លានពានរបស់ទាហានឈ្លានពានសៀម តាមរយៈមន្ទីអភិវឌ្ឍន៍ជនខេត្តកោះកុង។

អំណោយឧបត្ថម្ភរួមមានដូចជា៖ ខោអាវសម្រាប់ស្រ្ដី (១៣ថង់ ស្មើនឹង ១០១កញ្ចប់), ខោទឹកនោមកូនក្មេង (៧កេស ស្មើនឹង ៦៨២ខោ), ទឹកដោះគោ (១០០កេស), អំបុកស្រូវថ្មី (៩កេស ស្មើនឹង ១៦២កញ្ចប់), អំបុកលាយជាមួយបង្គា+សាច់ជ្រូកផាត់+សាច់ក្រក (១៤កេស ស្មើនឹង ៣៣៦កំប៉ុង), ត្រីខ+សាច់ជ្រូកផាត់ (៦កេស ស្មើនឹង ១០០កញ្ចប់) ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង សម្រាប់ឧបត្ថម្ភជូនវីរកងទ័ពជួរមុខកម្ពុជា៕

លោករដ្ឋមន្ដ្រី បានសម្ដែងនូវអំណរយ៉ាងជ្រាលជ្រៅជូនចំពោះសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសប្បុរសជនទាំងអស់ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌ ដែលជាការរួបរួមសាមគ្គីជាធ្លុងមួយយ៉ាងរឹងមាំក្នុងស្មារតីខ្មែរតែមួយ សម្រាប់ជួយសម្រួលការលំបាករបស់គ្រួសារវីរកងទ័ព និងជនភៀសសឹក ក្នុងគ្រាលំបាកដែលបណ្តាលមកពីសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់យោធាថៃ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី និងដែលអធិបតេយ្យភាពកម្ពុជា ពីការឈ្លានពានរបស់ចោរសៀម មិនឱ្យបាត់បង់សូម្បីតែ ១មីលីម៉ែត្រ៕
