ចិន នឹងបន្ដជួយកសាងសន្តិភាពរវាងកម្ពុជា និងថៃឡើងវិញ
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការកសាងសន្តិភាពរវាងកម្ពុជា និងថៃឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ រៀងៗខ្លួន។
ភាគីទាំងពីរនៃកម្ពុជា និងថៃ បានជម្រាបជូនលោក វ៉ាង អំពីការវិវឌ្ឍថ្មីៗទាក់ទងនឹងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានសម្តែងឆន្ទៈក្នុងការបន្ធូរបន្ថយភាពតានតឹង និងបញ្ឈប់ការបាញ់ប្រហារ។ លោក វ៉ាង យី បានឲ្យដឹងថា ក្នុងនាមជាមិត្តភ័ក្តិ និងជាអ្នកជិតខាងជិតស្និទ្ធរបស់កម្ពុជា និងថៃ ប្រទេសចិនមិនចង់ឃើញប្រទេសទាំងពីរចូលរួមក្នុងជម្លោះយោធានោះទេ ហើយមានការសោកស្ដាយយ៉ាងខ្លាំងចំពោះជនស៊ីវិលដែលបានស្លាប់ និងរបួសដោយសារការប៉ះទង្គិចគ្នា។
លោកបានលើកឡើងថា អាំងតង់ស៊ីតេនៃជម្លោះជុំនេះបានលើសពីជម្លោះមុនៗឆ្ងាយណាស់ ហើយការបន្តរបស់វាបង្កគ្រោះថ្នាក់ដល់ភាគីទាំងពីរ និងធ្វើឱ្យខូចដល់ឯកភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយកត់សម្គាល់ថា អាទិភាពចម្បងគឺត្រូវធ្វើការសម្រេចចិត្ត បញ្ឈប់ការបាញ់ប្រហារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ការពារការខាតបង់បន្ថែមទៀត និងកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ។
លោកបន្ដថា ប្រទេសចិនបានគាំទ្រវិធីសាស្រ្តមិនលំអៀង និងយុត្តិធម៌ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយលើកទឹកចិត្តយ៉ាងសកម្មដល់ការចរចាសន្តិភាព និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។ លោកបានសង្កត់ធ្ងន់ថា បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី បានចាប់ផ្តើមដំណើរបេសកកម្មការទូតទៅកាន់ប្រទេសកម្ពុជា និងប្រទេសថៃ៕
ប្រែសម្រួល ឈូក បូរ៉ា
