រដ្ឋមន្ដ្រីអភិវឌ្ឍន៍ជនបទ ប្រគល់សម្ភារប្រើប្រាស់ ដែលជាអំណោយរបស់សប្បុរសជន ចំនួន៨៥០កញ្ចប់ ដើម្បីចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខ និងជនភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ន នៅតាមទីតាំងសុវត្ថិភាព ក្នុងខេត្តបាត់ដំបង
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញប្រគល់សម្ភារប្រើប្រាស់ ដែលជាអំណោយរបស់សប្បុរសជន ចំនួន ៨៥០កញ្ចប់ ដែល១កញ្ចប់ រួមមាន៖ សារ៉ុង ១, ក្រមា ១, សាប៊ូម្សៅ ១កញ្ចប់ និងសំឡីអនាម័យ ១ ជូនជនភៀសសឹងនៅទីសុវត្ថិភាព ក្នុងខេត្តបាត់ដំបង។

សម្ភារទាំងនេះត្រូវប្រគល់ជូន លោក សៅ ជីវ័ន្ដ រដ្ឋលេខាការ និងលោក ពិត ករុណា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជន ដើម្បីយកទៅចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខ និងជនភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាព ក្នុងខេត្តបាត់ដំបង នៅអំឡុងពេលនៃការឈ្លានពានរបស់ទាហានឈ្លានពានសៀម មកលើដែនអធិបតេយ្យភាព និងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថាក្រសួងអភិវឌ្ឍន៍ជនបទ កុំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយការលំបាក របស់គ្រួសារវីរកងទ័ព និងជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា ដូចជាការផ្គត់ផ្គង់ទឹកស្អាត ការផ្តល់ជូនធុងចម្រោះ និងបង្គន់អនាម័យ ដែលសុទ្ធសឹងជាតម្រូវការចាំបាច់របស់បងប្អូនប្រើប្រាស់។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី និងដែលអធិបតេយ្យភាពកម្ពុជា ពីការឈ្លានពាន៕

