កម្ពុជា-ចិន បញ្ជាក់ភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់បន្ទាន់រវាងកម្ពុជា-ថៃ
ភ្នំពេញ ៖ លោក តេង ស៊ីផុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេសនៃ ចិនបានបញ្ជាក់ពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់រវាងកម្ពុជា-ថៃដោយឥតបង្អែរបង្អង់ទៀតឡើយ ។
ការបញ្ជាក់ជំហររបស់លោក តេង ស៊ីផុន នេះ ក្នុងឱកាសលោកកំពុងស្ថិតនៅទីក្រុងភ្នំពេញ ហើយបានជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងក្រុមមន្រ្តីជាន់ខ្ពស់ផ្សេងទៀត ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក តេង ស៊ីផុន នាថ្ងៃទី២០ ខែធ្នូ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃជំនួបទាំងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាងបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ា តែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុវត្តយ៉ាងពេញលេញនូវក្របខ័ណ្ឌទ្វេភាគី និងយន្តការដែលបានព្រមព្រៀងគ្នា ដែលនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់ និងសម្រេចបានដំណោះស្រាយយុត្តិធម៌ យូរអង្វែង ប្រកបដោយចីរភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិន ជាពិសេស ចំពោះលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងភាពជាអ្នកដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់លោកដើម្បីស្តារសន្តិភាពរវាងប្រទេសទាំងពីរ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។ សម្តេចធិបតីបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះបទឈប់បាញ់ចាប់តាំងពីចូលជាធរមាន ហើយក៏បានប្រកាន់ខ្ជាប់ជានិច្ចផងដែរនូវគោលការណ៍មិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ គោលការណ៍នេះ នៅតែបន្តធ្វើជាមាគ៌ាសម្រាប់កម្ពុជាអនុវត្តវិធីសាស្ត្រចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ។
ចំណែកលោក តេង ស៊ីផុន បញ្ជាក់ជាថ្មីថា ចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្រប សម្រួលការសន្ទនារវាងកម្ពុជា-ថៃ ក្នុងគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី។ លោកសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តរបស់កម្ពុជា-ថៃ ប្រទេសចិនត្រៀមខ្លួនចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយ គ្មានបង្អែរបង្អង់ និងការវិលត្រឡប់ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការជួយបញ្ចប់ជម្លោះ និងស្តារសន្តិភាពឡើងវិញ ដែលអាចអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីររួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងវិបុលភាព។ សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានត្រៀមខ្លួនក្នុងការបន្តផ្តល់ជំនួយមនុស្ស ធម៌ ដើម្បីគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់៕
