នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បញ្ជាក់ពីសារៈសំខាន់ជាថ្មីសម្រាប់កម្ពុជា-ថៃ ក្នុងការសន្ទនា ដើម្បីបញ្ចប់ភាពតានតឹង
ភ្នំពេញ ៖ មុនមួយថ្ងៃនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លោក អាន់វ៉ាអ៊ី ប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូវេន បានបញ្ជាក់ពីសារៈសំខាន់ជាថ្មីនៃកិច្ចសន្ទនាសម្រាប់កម្ពុជា-ថៃដើម្បីឈានទៅបញ្ចប់ភាពតានតឹង ។
យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក អាន់វ៉ាអ៊ី ប្រាហ៊ីម នៅថ្ងៃ២១ ធ្នូ នេះបានឲ្យដឹងថា លោកមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីដំណើរដ៏ល្អបំផុតឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងដែលកើតឡើងរវាងប្រទេសទាំងពីរ។
បើតាមហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់សម្រាប់កម្ពុជា និងថៃក្នុងការប្រកាន់ខ្ជាប់នូវស្មារតីនៃការសន្ទនា ប្រាជ្ញា និងការគោរពគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ភាពតានតឹង រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោកក៏បានសង្កត់ធ្ងន់ទៅលើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃថ្ងៃទី២២ ធ្នូ ស្អែកនេះ គឺជាវេទិកាដ៏សមស្រប និងស្ថាបនាមួយ ដើម្បីឱ្យប្រទេសទាំងពីរអាចចរចារដោយបើកចំហរ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយដោយយុត្តិធម៌ និងយូរអង្វែង ៕
